កំពូលមហាសេដ្ឋី Elon Musk ប្រកាសគួរឱ្យភ្ញាក់ផ្អើលថា Tesla លែងទទួលយក Bitcoin ក្រោមហេតុផលមួយនេះ

ដោយៈ សុខុម

អាមេរិកៈ កំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានលើកឡើងតាមបណ្តាញសង្គមទ្វីតទ័រ គួរឱ្យភ្ញាក់ផ្អើលថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនេះបានផ្អាកការទិញរថយន្តដោយប្រើរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ទៀតហើយដោយសារការព្រួយបារម្ភអំពីបម្រែបម្រួលអាកាសធាតុ។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៣ ឧសភា នេះឱ្យដឹងថា រូបិយប័ណ្ណអេឡិចត្រូនិក Bitcoin បានធ្លាក់ថ្លៃជាង១០% បន្ទាប់ពីលោក Elon Musk សរសេរសារបង្ហោះបែបនេះតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រ ហើយខណៈនេះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានដាំក្បាលចុះដែរ។

ការប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសហរដ្ឋអាមេរិក មួយនេះកាលពីខែមីនា ថា ខ្លួននឹងទទួលយករូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency) បានរងការប្រឆាំងតវ៉ាពីក្រុមអ្នកបរិស្ថាន និងវិនិយោគិនមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Tesla កាលពីខែកុម្ភៈបានទម្លាយឱ្យដឹងថា ខ្លួនបានទិញ Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកក្នុងចំនួន១,៥ពាន់លានដុល្លារ។

ប៉ុន្តែនៅថ្ងៃថ្ងៃព្រហស្បតិ៍ ទី១៣ ឧសភានេះ ក្រុមហ៊ុននេះបែរជាក្រឡាស់សម្ដីរបស់ខ្លួនទៅវិញ។

លោក Elon Musk បានសរសេរថា “យើងមានការព្រួយបារម្ភអំពីការកើនឡើងយ៉ាងឆាប់រហ័សនូវការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល (fossil fuel) សម្រាប់ការជីកយករ៉ែធ្វើ Bitcoin ជាពិសេសធ្យូងថ្មដែលបំភាយឧស្ម័នពុលខ្លាំងបំផុត។ Cryptocurrency ជាគំនិតល្អ ប៉ុន្តែវាក៏មិនអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានបាននោះដែរ”។

លោកក៏បានលើកឡើងដែរថា ក្រុមហ៊ុន Tesla នឹងមិនលក់ Bitcoin របស់ខ្លួនឡើយ ហើយមានបំណងប្រើប្រាស់វាសម្រាប់ការធ្វើប្រតិបត្តិការទូទាត់ប៉ុណ្ណោះ។

កាលពីខែមុន ក្រុមហ៊ុន Tesla បានប្រកាសប្រាក់ចំណេញ៤៣៨លានដុល្លាររបស់ខ្លួនសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១ បើធៀបនឹង១៦លានដុល្លារកាលពីឆ្នាំមុនដោយសារការលក់ Bitcoin និងឥណទានកាបូន (carbon credit)៕

LEAVE A REPLY

Please enter your comment!
Please enter your name here