កម្ពុជា-ឥណ្ឌាប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្ពុជា និងឥណ្ឌា បានឯកភាពគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី នាពេលអនាគត។

ការលើកឡើងនេះត្រូវបានធ្វើឡើងរវាងក្នុងកិច្ចពិភាក្សារវាងលោកប៉ាន សូរស័ក្ដិរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្ដីបានចូលរួមសំដែងការសោកស្ដាយដ៏ក្រៀមក្រំនូវការបាត់បង់អាយុជីវិតរបស់ប្រជាជនឥណ្ឌាជាច្រើន ដោយសារការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនេះ។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវឌ្ឍនភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី(កម្ពុជា-ឥណ្ឌា) ដែលបច្ចុប្បន្នក្រុមការងារនៃប្រទេសទាំងពីរកំពុងសហប្រតិបត្តិការជាមួយគ្នា ក្នុងការបញ្ចប់លក្ខខ័ណ្ឌនៃសេចក្ដីយោងសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងនេះ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញការបង្កើតការក្រុមការងាររួមលើវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។

ភាគីទាំងពីរបានយល់ស្របគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ហើយភាគីទាំងពីរបានឯកភាព បន្ដទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើង និងបន្ដសហការគា្នយ៉ាងស្អិតរមួតទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here