ដោយៈ ម៉ាណេត
ភ្នំពេញៈ សមតុល្យឥណទានលក្ខណៈបុគ្គលមានទំហំទឹកប្រាក់ចំនួន១០,៣៩ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើងជាលំដាប់ក្នុងកម្រិត៦,៤៤% ។ នេះបើយោងតាមរបាយកាណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ចេញផ្សាយកាលពីថ្មី។
គិតត្រឹមខែមីនា ឆ្នាំ២០២១ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងចំនួន+២,០៥% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសកើនឡើងទៅដល់១,៣០លាន។
ក្នុងចំណោមចំនួននេះ៨០,៩២% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈដែលចំណែកតូចជាងនេះគឺ កម្ចីអចលនទ្រព្យ (១១%) និង កម្ចីប័ណ្ណឥណទាន (៨,០៩%) ។
ការកើនឡើងនេះត្រូវបានគេមើលឃើញនៅក្នុងតំបន់ចំនួន ៤ នៃព្រះរាជាណាចក្រកម្ពុជា +៥,២% នៅតំបន់ខ្ពង់រាប, +៣,២% នៅតំបន់ឆ្នេរ, ហើយ +១,៩% នៅតំបន់បឹងទន្លេសាប និងតំបន់វាលទំនាប។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានចំនួនត្រឹម ១១% នៃចំនួនគណនីសរុប កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប (៥១,៧២%) ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៧,៦៨% ។
សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៦០% ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅគ្រប់តំបន់ទាំងអស់ដូចជា តំបន់ខ្ពង់រាប +៩,៩% តំបន់ទំនាប +៦,៣% តំបន់ទន្លេរសាប +៦,០% និង តំបន់ឆ្នេរ +៨,៤% ។
លោកអឿ សុធារ័ត្នប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានថ្លែងថា “នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ ដំណើរការទីផ្សារឥណទានបុគ្គលនៅកម្ពុជានៅតែរក្សារបានភាពរឹងមាំ ដោយសារតែការស្នើរសុំ និងដំណើរការឥណទានប្រចាំត្រីមាសនៅតែមានកំណើនជាបន្តបន្ទាប់” ។
លោកបានថ្លែងទៀតថា “យ៉ាងណាមិញ អនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ បានកើនឡើងដល់២,២៤% ដែលបង្ហាញពីការធ្លាក់ចុះបន្តិចនៃគុណភាពឥណទាន” ៕