គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤បង្ហាញ​ទីតាំង​ជាក់លាក់ ក្តីសង្ឃឹម​របស់​អ្នករកស៊ី​ដីធ្លី​បន្ទាប់ពី​ចប់​វិបត្តិ​កូ​វីដ

ដោយៈ​គង់ ម៉ា​លីន

ភ្នំពេញៈ ខណៈ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣បានសម្រេច​សាងសង់៥០ភាគរយ ពន្លឺ​និង​ក្តីសង្ឃឹម​កំពុងមាន​ដែលថា ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤នឹង​សាងសង់​បន្ត ខណៈ​អ្នករកស៊ី​ដីធ្លី និង​ម្ចាស់​ដី​លើ​ខ្សែ​ផ្លូវ​នេះ​កំពុង​រង់ចាំ។

មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់បាន​អះអាងថា ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី៤ ដែល​ក្រសួង​បានឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន សិក្សា​តាំងពី​ឆ្នាំ២០១៨ បាន​សិក្សា​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២០ ដោយ​ផ្លូវ​នេះ​មាន​ប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន៤ គឺ​ខេត្ត​កំពង់​ស្ពី តាកែវ កណ្តាល និង​ខេត្តព្រៃវែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​លីម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ ការគ្រប់គ្រង​និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្នុងចំណោម​ខេត្ត​ទាំង៤នេះ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹង​កាត់​ខេត្ត​កំពង់​ស្ពី​ចំនួន៣ ស្រុក​ខេត្តតាកែវ​ចំនួន១ ស្រុក​ខេត្តកណ្តាល៨ស្រុក​និង​ខេត្តព្រៃវែង២ស្រុក។

លោក​បន្តទៀតថា “ផ្លូវ​ក្រវាត់ក្រុង​ទី៤ ជា​ផ្លូវ​មួយ​មាន​សារៈសំខាន់ ដែល​នឹង​ចូលរួមចំណែក​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ផ្លូវជាតិផ្សេងៗ និង​ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​កាន់តែ​លឿន ចំណេញ​ពេលវេលា កាត់បន្ថយ​ការ​ចំណាយបាន​មួយកំរិត​ទៀត” ។

លោក​លឹម ស៊ី​ដេ​នី​ន​បន្ថែមថា ក្រៅពី​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តាម​ដងផ្លូវ​ខុសច្បាប់  ឬ​ការទន្ទ្រាន  យក​ដី​ចំណីផ្លូវ​យកមក​គ្រប់គ្រង បានធ្វើ​ឲ្យ​មានការ​ខូចខាត ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្ក​ឱ្យ​កកស្ទះ​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ  ប្រព័ន្ធ​លូបង្ហូរទឹក  ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ទីប្រជុំជន ឬ​ទីក្រុង បានធ្វើឱ្យ​ពិបាក​ក្នុងការ​គ្រប់គ្រង​កាក់សំណល់ ការសម្អាត​បរិស្ថាន​ថែម​ទៀតផង។

លោក​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រសួង ក៏ដូចជា មន្ទីរជំនាញ​ពាក់ព័ន្ធ លើកសំណើ​ទៅ​រដ្ឋបាលខេត្ត សិក្សា​ទីតាំង​ចាក់សំរាម ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ និង​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​សកម្មភាព​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ ការចាក់ដី​លុប​រំលោភ​លើដី​ចំណីផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​បាត់បង់​សោភ័ណភាព នឹង​បណ្ដាល​ឲ្យ​ផ្លូវ​ឆាប់​ខូច​មុនពេល​កំណត់។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់​បានរៀបចំ​សិក្ខាសាលា ក្នុង​គោលបំណង ពិគ្រោះ​យោបល់​ស្តីពី​ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ យន្តការ​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង​តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយមាន​ការពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ  រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​អំពី​ផលប៉ះពាល់​លើ អនុវត្ត​គម្រោង​នេះ និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ឱ្យ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការអនុវត្ត​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី៤នេះ​មាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់។

ទីប្រឹក្សា​សមាគម​អ្នក​អភិ​វ​ឌ្ឈ​ន៍​ដីឡូត៍​កម្ពុជា លោក​យិន លាង​គង់​បាន​មានប្រសាសន៍ថា នៅ​កម្ពុជា​នៅពេល​រដ្ឋាភិបាល​ប្រកាស សាងសង់​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អ្វីមួយ តម្លៃ​ដី​នៅ​តំបន់​នោះ​កើន​ឡើងជា​ស្វ័យប្រវត្តិ ជាក់ស្តែង​តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ មុនពេល​ប្រកាស​សាងសង់​ផ្លូវ​នេះ តម្លៃ​ដី​នៅ​តំបន់​នោះ​មាន​ចន្លោះ​ពី១០ ទៅ២០ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តំបន់​នោះ បាន​ឡើងថ្លៃ​ដល់​ចន្លោះ​ពី១០០ ទៅ៤០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បន្តថា “ការឡើង​ថ្លៃ​តម្លៃ​ដីធ្លី​ជា​រឿង​ល្អ​សម្រាប់​អ្នកមាន​ដី ប៉ុន្តែ​វា​ក៏​ជា​ឧបសគ្គ​សម្រាប់​អ្នក​អភិ​វ​ឌ្ឈ​ន៍​មួយចំនួន​ផងដែរ ដោយសារ​ទុន​របស់​ពួកគេ​នៅមានកម្រិត ពិសេស​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ខ្នាត​មធ្យម មិនអាច​ទិញ​យកមក​សាងសង់​បានឡើយ” ។ លោក​បន្តថា “ហេតុផល​ដែល​តម្លៃ​ដី​តែងតែ​ឡើងថ្លៃ នៅ​តំបន់​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ឋ​នានា គឺ​ដោយសារ​មាន​កំនើន​នៃ​ការធ្វើដំណើរ កំនើន​ប្រជាសាស្ត្រ និង​កំនើន​នៃ​ការវិនិយោគ​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here