ប្រជាពលរដ្ឋជាច្រើនបានបញ្ជាទិញពីទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្មក្នុងរយៈពេល៥ថ្ងៃ

ដោយ: សាវុធ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនបានបញ្ជាទិញពីទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៥ថ្ងៃ បើទោះបីជាក្រសួងពាណិជ្ជកម្មបានបញ្ឈប់ការផ្គត់ផ្គង់ទំនិញតាមរយៈស្តង់ និងរថយន្តចល័តជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្មនៅតែបន្តដំណើរការដដែល ដែលគិតចាប់ពីថ្ងៃទី៧ រហូតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ការបញ្ជាទិញទំនិញតាមទីផ្សារអនឡាញរបស់ក្រសួងចំនួនសរុប ៨០៦បញ្ជាទិញ។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រោយការបញ្ឈប់ការផ្គត់ផ្គង់ទំនិញតាមស្ដង់ និងរថយន្តចល័ត ការបញ្ជាទិញតាមផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្មនៅតែបន្តមាន ដោយសារក្រសួងមានដៃគូសហការជាច្រើនក្នុងការផ្គត់ផ្គង់និងដឹកជញ្ជូន ដូចជាក្រុមហ៊ុន អ៊ីអន ម៉ាក្រូ និងស៊ុបភើ អេបជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងទៀតថា ចំពោះទំនិញដែលលក់ដាច់ជាងគេក្នុងទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់ មានដូចជា៖ ត្រីខកំប៉ុងចំនួន៥៦៩យួរ មីចំនួន៥៥០កេស អង្ករគ្រប់ប្រភេទចំនួន៤៧៤បាវ ទឹកស៊ីអ៊ីវចំនួន២៩៣យួរ ទឹកត្រីចំនួន២៥៧យួរ ទឹកសុទ្ធចំនួន២០៩យួរ ឆៃប៉ូវចំនួន៦៨កញ្ចប់ និងទឹកប្រេងខ្យងចំនួន២៥ដប។

លោកបានថ្លែងថា ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ចំពោះប្រជាពលរដ្ឋស្ថិតនៅតំបន់ក្រហម ឬតំបន់ដែលកំណត់ថ្មីដោយអាជ្ញាធររាជធានី ខេត្ត ដែលលោកមានតម្រូវការ គឺអាចធ្វើការបញ្ជាទិញបានតាមរយៈទីផ្សារអនឡាញមួយនេះ គឺនឹងដឹកជញ្ជូនឲ្យទៅដល់មាត់ទ្វារផ្ទះតែម្តង ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៅក្នុងការដឹកជញ្ជូនដើម្បីធានាសុវត្ថិភាព និងតម្លៃទាបជាងទីផ្សារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here