បណ្ឌិត​អ៊ិន ចាន់នីៈ​ការបត់បែន​ធ្វើ​អាជីវកម្ម​ពេល​ជួប​វិបត្តិ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ប្តូរពី​អវិជ្ជមាន​ទៅ​វិជ្ជមាន

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​កាលៈទេសៈ ដែល​កម្ពុជា​ជួបនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ ក្រុ​ហ៊ុន​និង​សហគ្រាស​ជាច្រើន បាន​ជួប​នូវ​បញ្ហា​បាត់បង់​ប្រាក់ចំណូល តែ​ក៏មាន​ម្ចាស់​អាជីវកម្ម ម្ចាស់​សហគ្រាស​មួយចំនួន​បាន​បត់បែន ទៅតាម​ស្ថានភាព​ជាក់ស្ដែង ដែល​ជំរុញ​ក្រុមហ៊ុន​នោះ​ផ្លាស់ប្តូរ ពី​ចំនុច​អវិជ្ជមាន​ទៅជា​ចំនុច​វិជ្ជមាន​វិញ។

លោក​បណ្ឌិត​អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា នៅក្នុង​វិបត្តិ​នេះ ស្ទើរតែ​មិនមាន​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​គេច​ផុតពី​ផលប៉ះពាល់​នោះទេ លើកលែងតែ​ក្រុមហ៊ុន បម្រើ​សេវាកម្ម​ទូរគមនាគមន៍ ដែល​ត្រូវ​ទទួលបាន​ឱកាសល្អ សម្រាប់​វិបត្តិ​នេះ។

លោក​បន្តថា “ថ្វីត្បិតតែ​ក្រុមហ៊ុន​ជាច្រើន​បាន​ប៉ះពាល់ ដោយសារ​កូ​វីដ១៩ពិតមែន តែ​ក្រុមហ៊ុន និង​សហគ្រាស​ខ្លះ បាន​ចាប់យក​ឱកាស​នៃ​វិបត្តិ​នេះ ប្រែក្លាយ​ទៅជា​ឱកាស​វិជ្ជមាន និង​រកចំណូលបាន​ទៅវិញ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែង​បណ្ដា​រោងចក្រ​កាត់ដេរ​មួយចំនួន បាន​ផ្លាស់ប្តូរ​ពី​ការផលិត​សម្លៀកបំពាក់ ទៅ​ការ​ការផលិត​ម៉ាស់ ផលិត​សម្ភារៈ​បរិក្ខា សម្រាប់​វិស័យ​សុខាភិបាល ហើយ​អាច​លក់​ចេញ​បាន​ដដែល និង​មាន​កំណើន​ជាង​មុន​ទៅទៀត ។

លោក​ថា “នេះ​គឺជា​ភាពឈ្លាសវៃ​មួយ​របស់​ម្ចាស់​ក្រុមហ៊ុន ក្នុងការ​បត់បែន​ទៅតាម​កាលៈទេសៈ និង​បាន​ស្វែងយល់ ពី​តម្រូវការ​ទីផ្សារ​ចាំបាច់​ក្នុងពេល​មាន​វិបត្តិ​នៃ​ជំងឺ។ លោក​បន្ថែមថា “សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​វិញ ក៏មាន​ស្ថាប័ន​ជាច្រើន​បាន​វិវត្តន៍​ទៅ​ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដោយបាន​ស្វែងយល់​ពី​តម្រូវការ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុង​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល​ជំងឺ” ។

ម្ចាស់​អាជីវកម្ម ឬ​ស្ថាប័ននីមួយៗ មិនអាច​នៅតែ​ធ្វើ​ប្រតិបត្តិការដដែលៗនោះឡើយ គឺ​ត្រូវមាន​ការផ្លាស់ប្តូរ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ កាន់​តែមាន​ភាពងាយស្រួល ។

លោក​បណ្ឌិត​អ៊ិន ចាន់នី​បាន​បន្ថែមទៀតថា ឆ្លងតាម​បទពិសោធន៍​នៃ​វិបត្តិ បរិយាកាស​អាជីវកម្ម ដែល​ពឹងផ្អែក​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ប្រពៃណី នឹង​លែងមាន​តម្រូវការ​ខ្ពស់​ទៀតហើយ វា​នឹង​ប្រែប្រួល​ទៅតាម​បច្ចេកវិទ្យា​សម័យ​ទំនើប ដោយ​អាច​បម្រើ​សេវាកម្ម​ពី​ចំងាយ​ដោយ​មិនចាំបាច់​ជួប​មុខ​គ្នា ជាក់ស្ដែង​នៅក្នុង​វិស័យ​អប់រំ​ក៏​ដូច្នោះ​ដែរ កាលពីមុន​គ្រូ​និង​សិស្ស​គឺ​ត្រូវ​បង្រៀនផ្ទាល់ៗ ហើយ​ចំណេះ​ភាគច្រើន​បាន​ពី​គ្រូ តែ​សម័យនេះ សិស្ស​អាចធ្វើ​ការស្រាវជ្រាវ​ច្រើន ហើយ​គ្រូ​គ្រាន់តែ​បំពេញបន្ថែម​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here