ភាពជាអ្នកដឹកនាំ ! តើ CEO មានតួនាទីសំខាន់អ្វីខ្លះដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន និងសង្គមជាតិ?

          ដោយៈលក្ខិណា

ភ្នំពេញៈ នៅតាមស្ថាប័នក្រុមហ៊ុននីមួយៗ តែងតែមានមេដឹកនាំកំពូល និងរចនាសម្ព័ន្ធរបស់ខ្លួន ក្នុងនោះនាយកប្រតិបត្តិ ( CEO ) គឺមានតួនាទីសំខាន់ក្នុងការដឹកនាំ ដែលគេហៅថា ជាក្បាលម៉ាស៊ីនរបស់ក្រុមហ៊ុនស្ថាប័ននោះ ដូច្នេះ ដើម្បីដឹកនាំក្រុមហ៊ុននោះឱ្យរីកចម្រើនទៅមុខ តើនាយកប្រតិបត្តិត្រូវបំពេញតួនាទីអ្វីខ្លះ?។

លោកឧកញ៉ាសុខ ពិសិដ្ឋ អគ្គនាយកនៃក្រុមហ៊ុនGGEAR និងជាអតីតប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ជាការអភិវឌ្ឍស្ថាប័ន CEO មានតួនាទីក្នុងការរៀបចំ រចនាសម្ព័ន្ធក្រុមហ៊ុនឱ្យបានល្អ អភិវឌ្ឍន៍ធនធានមនុស្ស និងការបែងចែកទៅតាមក្រុមផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “អ្វីដែលសំខាន់សម្រាប់នាយកប្រតិបត្តិនោះ គឺការសម្របសម្រួលឱ្យក្រុមការងារអាចធ្វើការជាមួយគ្នាបានល្អ ដើម្បីសម្រេចគោលដៅរួមរបស់អង្គភាព ជាពិ​សេ​សសម្រេចតាមផែនការរបស់ក្រុមប្រឹក្សាភិបាលដាក់ចេញ”។

លោកឧកញ៉ាសុខ ពិសិដ្ឋបានមានប្រសាសន៍បន្តថា នាយកប្រតិបត្តិក៏ដើរតួនាទីជាអ្នកណែនាំផង ជាអ្នកសម្របសម្រួលផង ហើយក៏ដើរតួនាទីជាអ្នកដោះស្រាយបញ្ហាព្រមទាំងពង្រឹង និងពង្រីកសមត្ថភាពរបស់បុគ្គលិករបស់ខ្លួនផងដែរ។

លោកឧកញ៉ាបន្ថែមថា ក្រៅពីការអភិវឌ្ឍនៅក្នុងក្រុមហ៊ុនCEO តាមស្ថាប័នក្រុមហ៊ុននានា ក៏បានបំពេញតួនាទីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ ជាក់ស្ដែងនៅតាមក្រុមហ៊ុនជាច្រើន នៅពេលសង្គមជាតិត្រូវការពួកគាត់ជួយ យើងឃើញថាក្រុមហ៊ុនជាច្រើន បានចែករំលែកធនធាន ដើម្បីចូលរួមក្នុងសង្គមជាតិវិញ ព្រោះថាបើសិនជាសង្គមជាតិមិនរីកចម្រើន ក៏ក្រុមហ៊ុនមិនអាចរីកចម្រើនតែឯងបានដែរ។

លោកឧកញ៉ានិយាយថា  “នៅក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនជាច្រើនបានចូលរួមជាមួយសង្គមជាតិ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ និងបានកៀងគរថវិកាជួយដល់រដ្ឋាភិបាលទៅតាមលទ្ធភាពនិងធនធាន”។

លោកញ៉ាបញ្ជាក់ថា តួនាទីCEO ដែលពិបាកសម្រេចចិត្តបំផុត នៅពេលមានវិបត្តិបែបនេះ ហើយក្រុមហ៊ុនធ្លាក់ចំណូល ដោយក្នុងនោះមានក្រុមហ៊ុនមួយចំនួន បានសម្រេ​ចចិត្តកាត់បន្ថយបុគ្គលិករបស់របស់ខ្លួន តែក៏មានក្រុមហ៊ុនមួយចំនួនទៀត មិនកាត់បន្ថយបុគ្គលិកទេ តែសុខចិត្តកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ដើម្បីឱ្យបុគ្គលិករបស់នៅតែទទួ​លបានចំណូលខ្លះ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ  និងធ្វើយ៉ាងណាឱ្យស្ថាប័នរស់សិនទំរាំចប់វិបត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here