កម្ពុជានាំចេញផ្លែស្វាយកាន់ទីផ្សារចិនជាផ្លូវការនៅព្រឹកថ្ងៃនេះ ខណៈទីផ្សារស្វាយរំពឹងថានឹងមានទីផ្សារកាន់តែប្រសើរ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រទេសកម្ពុជា បានរៀបចំពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ខណៈកម្ពុជារំពឹងទុកថា បរិមាណនៃការនាំចេញក៏កើនឡើងបន្ថែមទៀតផងដែរ បន្ទាប់ពីការនាំចេញជាផ្លូវការនេះ។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅក្រុមហ៊ុន AL JAZEELAN FOOD PTE.LTD ស្ថិតនៅអាគារលេខ៧២២ ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ។

តាមរយៈរដ្ឋបាលគយចិន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី វេង សាខុនបញ្ជាក់ថា តាមរយៈសមត្ថភាពរោងចក្រវេចខ្ចប់ទាំង៥នេះ កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះ ក្នុង១ឆ្នាំ ទៅកាន់ទីផ្សារចិន។ ប៉ុន្តែលោករដ្ឋមន្ត្រីបានដាក់ក្តីរំពឹងថា ក្រុមហ៊ុនធំៗជាច្រើនទៀត នឹងរៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ ហើយអាចទទួលបានការទទួលស្គាល់ រដ្ឋបាលគយចិន ដែលអាចនឹងធ្វើឲ្យចំនួនរោងចក្រមានកើនឡើង បរិមាណនៃការនាំចេញក៏កើនឡើងបន្ថែមទៀតផងដែរ។

ផ្លែស្លាយភាគច្រើនដែលនាំចេញ ទៅប្រទេសចិនបាន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និងមានទិន្នផលខ្ពស់។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី នៅប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here