នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ពលរដ្ឋ ឱ្យប្រុងប្រយ័ត្នក្នុងការផ្ដល់ទិន្នន័យធនាគារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំផ្ដល់ទិន្នន័យទាំងឡាយណាដែលទាក់ទងនឹងធនាគារ ពេលដែលមានការស្នើសុំតាមរយៈការផ្ញើសារ ឬការតេ ដើម្បីចៀសវាងការខាតបង់ប្រាក់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះមានការកើតឡើងអំពីការតេបោកបញ្ឆោត (Scam) មួយប្រភេទដែលកំពុងរីករាលដាលចំពោះអ្នកប្រើប្រាស់កម្មវិធីធនាគារ (Bank App) ក្នុងប្រទេសកម្ពុជា ដែលបញ្ហាស្រដៀងនេះក៏ធ្លាប់បានកើតឡើងកន្លងមករួចហើយ។

ការតេបោកបញ្ឆោតនោះគឺ ជនខិលខូចបានតេទៅ អ្នកដែលមានប្រើកម្មវិធីធនាគារ ជាពិសេសគឺអ្នកប្រកបមុខរបរអនឡាញដែលបានបង្ហាញ ទាំងលេខទូរសព្ទ និងលេខគណនីធនាគារ នៅតាមបណ្ដាញសង្គមនោះថា បានឈ្នះរង្វាន់ជាសាច់ប្រាក់ពីធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីបាននិយាយបញ្ចុះបញ្ចូល ឬបន្លែបន្លំអ្នកប្រើប្រាស់មួយសន្ទុះក្រោយមក ពួកគេក៏ឱ្យអ្នកប្រើប្រាស់ផ្ដល់លេខកូដដែលបានទទួលពីធនាគារ ហើយពួកជនខិលខូចក៏ប្រើលេខកូដនោះ ដើម្បី login ចូលទៅក្នុងគណនីរបស់ជនរងគ្រោះហើយធ្វើការផ្ទេរប្រាក់ចេញពីគណនីធនាគារ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាសរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់ កុំផ្ដល់ទិន្នន័យទាំងឡាយណាដែលទាក់ទងនឹងធនាគារ ពេលដែលមានការស្នើសុំតាមរយៈការផ្ញើសារ ឬការតេចូលក្តី។ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅលេខទូរសព្ទរបស់ធនាគារផ្ទាល់ដើម្បីបញ្ជាក់ពីការស្នើសុំទិន្នន័យទាំងអស់នោះ។ ព័ត៌មានដែលលោកអ្នកមិនត្រូវឱ្យគេដឹងមានដូចជា៖
– លេខសម្ងាត់ ឬលេខ Pin សម្រាប់ប្រើប្រាស់កាតធនាគារ
– លេខកូដដែលទទួលបានពីធនាគារដើម្បីធ្វើការ login ចូលទៅក្នុងកម្មវិធី (Bank App)
– លេខកាតទាំង 16 ខ្ទង់ ឬលេខ cvv ដែលនៅខាងក្រោយកាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here