ដោយៈសុខុម
វ៉ាស៊ីនតោន: តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai បានថ្លែងកាលពីថ្ងៃអង្គារទី៤ ឧសភាថា ការធ្វើឱ្យវ៉ាក់សាំងមានកាន់តែទូលំទូលាយទូទាំងពិភពលោក “មានភាពចាំបាច់ណាស់” នៅក្នុងការបញ្ចប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៥ ឧសភានេះ។
ថ្លែងទៅកាន់សន្និសីទរបស់ក្រុមប្រឹក្សាអាមេរិក (Council of the Americas) ដែលជាស្ថាប័នលើកកម្ពស់ពាណិជ្ជកម្មសេរី និងទីផ្សារបើកទូលាយនៅទូទាំងទ្វីបអាមេរិក លោកស្រី Katherine Tai បានលើកឡើងថា ពិភពលោកបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឆ្ពោះទៅរកការបញ្ចប់វិបត្តិកូវីដ-១៩ ប៉ុន្តែលោកស្រីថា នៅមានការងារជាច្រើនទៀតនៅពេលខាងមុខ។
លោកស្រីគូសបញ្ជាក់ថា “កិច្ចការនោះរួមបញ្ចូលទាំងការធ្វើឱ្យវ៉ាក់សាំង អាចចែកចាយបានទូលំទូលាយ និងដោះស្រាយវិសមភាពជាសកល នៅក្នុងការទទួលបានវ៉ាក់សាំងផងដែរ”។ លោកបន្តថា “នេះមិនមែនត្រឹមតែជាតម្រូវការ ផ្នែកសុខភាពសាធារណៈប៉ុណ្ណោះ ប៉ុន្តែការងើបឡើងនៃសេដ្ឋកិច្ចរបស់យើងក៏ត្រូវពឹងផ្អែកលើវាដែរ”។
លោកស្រី Katherine Tai គ្រោងនឹងពិភាក្សា អំពីការទាមទាររបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលសុំឱ្យបោះបង់កម្មសិទ្ធិបញ្ញា ដូចមាន ចែងដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើវ៉ាក់សាំងកូវីដ-១៩ អំឡុងកិច្ចប្រជុំរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គការពាណិជ្ជកម្មពិភពលោក នៅចុងសប្តាហ៍នេះ។
លោកស្រីបានជួបជាមួយនាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីពិភាក្សាអំពីសំណើសុំ ឱ្យបោះបង់កម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងកូវីដ-១៩ ហើយរិះរកវិធីជំរុញការផលិត និងចែកចាយវ៉ាក់សាំងឱ្យបានកាន់តែច្រើន និងលឿនបំផុតតាមដែលអាចធ្វើទៅបាន។
លោក Ron Klain ប្រធានផ្នែកបុគ្គលិកនៃសេតវិមាន បានលើកឡើងកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា “លោកស្រី Katherine Tai នឹងចាប់ផ្តើមពិភាក្សាអំពីវិធីដែលយើងអាចធ្វើឱ្យវ៉ាក់សាំងត្រូវបានចែកចាយ ទទួលបានអាជ្ញាប័ណ្ណ និងចែករំលែកកាន់តែទូលំទូលាយ”។
លោកបានបន្ថែមថា “សេចក្ដីលម្អិតបន្ថែមទៀតស្ដីពី កិច្ចពិភាក្សានេះនឹងត្រូវបញ្ចេញឱ្យដឹងនៅប៉ុន្មានថ្ងៃខាងមុខ”។
ក្រុមប្រជាធិបតេយ្យនៅក្នុងសភាសហរដ្ឋអាមេរិក បានដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន ដើម្បីឱ្យរដ្ឋការនេះគាំទ្រសំណើសុំឱ្យលះបង់កម្មសិទ្ធិបញ្ញាលើវ៉ាក់សាំង ដោយលើកហេតុផលថា ការធ្វើបែបនេះអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើន។
ទោះជាយ៉ាងណា ឧស្សាហកម្មផលិតឱសថ បានជំទាស់នឹងសំណើសុំឱ្យបោះបង់កម្មសិទ្ធិបញ្ញានេះ ព្រោះយល់ថាវាមានវិសាលភាពទូលំទូលាយពេក ហើយថាវាធ្វើឱ្យបាត់បង់គ្រឿងលើកទឹកចិត្ត សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងនាពេលអនាគត៕