តើការបិទខ្ទប់រាជធានីប៉ះពាល់ដល់អចលនទ្រព្យនៅតាមបណ្តាខេត្តដូចម្តេច?

          ដោយៈលក្ខិណា

ភ្នំពេញៈ វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានបង្កផលប៉ះពាល់ជាច្រើនដល់សកម្មភាពសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យ ដែលជាវិស័យស្នូលមួយក៏រងផលប់ះពាល់ មិនត្រឹមតែតំបន់ដែលបិទខ្ទប់ប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់តាមបណ្ដាខេត្តជាច្រើនផងដែរ។

ប្រធានអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍ឱ្យដឹងនា​ល្ងាចថ្ងៃទី៥ ឧសភានេះថា ជាការពិតណាស់វិធានការបិទខ្ទប់នៅរាជធានី ភ្នំពេញ និងក្រុងតាខ្មៅបានបង្កផលប៉ះពាល់ជាច្រើន ដល់សកម្មភាពនៃការវិនិយោគ  ក្នុងប្រទេសកម្ពុជា និងសកម្មភាពនៃការទិញលក់អចលនទ្រព្យផងដែរ ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ។

លោកថា “អ្នកវិនិយោគជាច្រើននៅតាមបណ្ដាខេត្តនៃប្រទេសកម្ពុជា ភាគច្រើនជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលត្រូវបានដាក់ចេញ និងហាមការធ្វើដំណើរផងដែរនោះ វិនិយោគិនមិនអាចចេញធ្វើដំណើរបាននោះឡើយ ដូច្នេះពួកគេមិនអាចចេញទៅមើលទីតាំងវិនិយោគ ក៏ដូចជាមើលទីតាំងអចលនទ្រព្យដែលពួកគេត្រូវការវិនិយោគនោះឡើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សម្រាប់តំបន់ដែលមានសក្ដានុពលវិនិយោគខ្ពស់ វិនិយោគិនអាចទាក់ទងជាមួយនឹងភ្នាក់ងារអចលនទ្រព្យ តាមបណ្ដាខេត្ត ដើម្បីស្វែងរកអចលនទ្រព្យជាពិសេសដីធ្លីនៅទីតាំងល្អៗ ដើម្បីទិញទុកវិនិយោគ នៅពេលចប់វិបត្តិនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែសកម្មភាពបែបនេះមានមិនច្រើននោះទេ។ វាមិនដូចពេលដែលអត់មានកូវីដនោះឡើយ។

លោកបន្តថា បើសិនជាអត់មានកូវីដ វិនិយោគិនអាចធ្វើដំណើរបាន ហើយអាចស្វែងតំបន់ដែលមានសក្ដានុពល និងទិញដីធ្លីសម្រាប់ទុកវិនិយោគ ឬទុកសម្រាប់ចំណេ​ញនៅពេលអនាគតផង”។

ជាមួយគ្នានេះ លោកគឹម សង្គ្រាមភ្នាក់អចលនទ្រព្យមួយរូបនៅខេត្តកំពត បានឱ្យដឹងថាការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាមានផលប៉ះពាល់ដល់ការទិញ លក់អចលនទ្រព្យមែន ។ ភ្ញៀវភាគច្រើនដែលចង់មកមើលដី មិនអាចចេញមកបាន ដោយសារតែបម្រាម ដូច្នេះពួកគេអាចជួបចរចា ជាមួយម្ចាស់ដីបានត្រឹមតែតាមទូរសព្ទប៉ុណ្ណោះ ហើយការចរចាក៏មិនសូវមានប្រសិទ្ធភាព ដូចការជួបចរចាផ្ទាល់នោះដែរ ។

លោកបន្តថា “យ៉ាងណាពេលដែលរដ្ឋាភិបាល ប្រកាសបញ្ចប់ការបិទខ្ទប់នេះវិញ ខ្ញុំជឿថា ភ្ញៀវអាចចេញធ្វើដំណើរនិងអាចមកមើលទីតាំងដីធ្លី សម្រាប់ការវិនិយោគបានឡើងវិញ”។

ជាមួយគ្នានេះ លោកស្រីតាំង ហួរនាយិកាក្រុមហ៊ុនAmatak Property Service បានមានប្រសាសន៍ថា ក្នុងកំឡុងពេលបិទខ្ទប់នេះ សកម្មភាពស្វែងរកអចលនទ្រព្យរបស់អ្នកវិនិយោគបានធ្លាក់ចុះប្រមាណ៥០ភាគរយ ប៉ុន្តែអ្នកមានធនធាន ពួកគេនៅតែស្វែងរកអចលនទ្រព្យល្អៗ ដើម្បីទិញយកចំណេញ។

លោកស្រិបន្តថា “ភ្ញៀវខ្លះបានចចារទិញតាមទូរស័ព្ទ និងរង់ចាំទៅមើលអចលនទ្រព្យ ដែលពួកគេចាប់អារម្មណ៍ នៅពេលរដ្ឋាភិបាលបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ”។

រដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងមូល និងក្រុងតាខ្មៅរយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈអ្នកឆ្លងជាច្រើនត្រូវបានរកឃើញ ។ តែយ៉ាងណាក្ដី រាជរដ្ឋាបាល ក៏បានសម្រេចប្រកាសបញ្ចប់ការបិទខ្ទប់នេះនៅថ្ងៃទី៥ ឧសភា ២០២១ និងនៅថ្ងៃទី៦ ឧសភា ២០២១នេះ អាជ្ញាធរនិងអនុញ្ញាតឱ្យធ្វើចរាចរណ៍ឡើងវិញ តែរឹតបន្តឹងចំពោះតំបន់ដែលមានហានិភ័យនៃការឆ្លងខ្ពស់ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here