ក្រសួងការងារដាក់ដំណើរការទីតាំងចាក់វ៉ាក់សាំងកូវីដ១៩លើកទី២បន្ថែមនៅថ្ងៃនេះ

ដោយ: ប៊ី

ភ្នំពេញៈ អនុគណៈកម្មការចំពោះកិច្ច នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ដំណើរការទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ចំនួនមួយទីតាំងបន្ថែមទៀតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ។

ទីតាំងថ្មីនេះនៅរោងចក្រ ស្ព័រតិច(Sportex) ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។គិតរហូតមកដល់ពេលនេះ មណ្ឌលចាក់វ៉ាក់សាំងបង្ការកូវីដ១៩ សរុបចំនួន ២៥ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុគណៈកម្មចំពោះកិច្ច បានរម្លឹកដល់កម្មករនិយោជិតដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ ទាំងអស់ថា ចំពោះបងប្អូនដែលរស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ អាចទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។

ប្រភពខាងលើ បានបញ្ជាក់ទៀតថា ដោយការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី ១៤ទៅ២៨ថ្ងៃ ដូច្នេះបងប្អូនកម្មករនិយោជិត គួរចងចាំថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវតែចាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រអោយបាន ២លើក រួមផ្សំនឹងការអនុវត្ត ៣កុំ និង ៣ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩បាន។

ជាមួយគ្នានេះដែរ បងប្អូនកម្មករនិយោជិតដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ សូមទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទដែលរៀបចំដោយក្រសួងការងារ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនអាចឆ្លងខណ្ឌបាននោះទេ។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ដើម្បីធានានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្ការបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការរក្សានូវគម្លាតសង្គមនៅតាមមណ្ឌលចាក់វ៉ាក់សាំងនីមួយៗ បងប្អូនកម្មករនិយោជិតដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ខុសពីទីតាំងនៃការចាក់វ៉ាក់សាំងដូសទី១ សូមស្នើសុំលេខរៀងចាក់ជាមុនសិន តាមកម្មវិធី https://vaccination.mlvt.gov.kh។

គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ច នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូវ៉ាក់ ដូសទី២ ជូនដល់កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវនានាសរុបចំនួន ៥៣ ៩១១នាក់ (បរទេសចំនួន ១ ៩៣០នាក់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here