រដ្ឋមន្ត្រីកសិកម្មរំពឹងថាក្រុមហ៊ុនធំៗនឹងមកវិនិយោគនៅកម្ពុជាបន្ទាប់ពីកម្ពុជានាំចេញស្វាយជាផ្លូវការ

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជាត្រៀមនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនជាផ្លូវការនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ និងរំពឹងថាក្រុមហ៊ុនធំៗជាច្រើនទៀត នឹងមករៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ ហើយអាចទទួលបានការទទួលស្គាល់រដ្ឋបាលគយចិន ដើម្បីជំរុញការនាំចេញទៅទីផ្សារចិនបន្ថែម។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ឲ្យដឹងថា ក្រសួងកសិកម្មបាន និងកំពុងត្រៀមរៀបចំពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រ​ស់ពីកម្ពុជា ដោយផ្ទាល់ ទៅកាន់ប្រទេសចិនជាផ្លូវការ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ ពិធីសម្ពោធនេះនឹងរៀបចំឡើងនៅក្រុមហ៊ុន AL JAZEELAN FOOD PTE.LTD អាគារលេខ៧២២ ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈសមត្ថភាពរោងចក្រវេចខ្ចប់ទាំង៥នេះ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះ ក្នុង១ឆ្នាំ ទៅកាន់ទីផ្សារចិន។ ប៉ុន្តែលោករដ្ឋមន្ត្រីបានដាក់ក្តីរំពឹងថា ក្រុមហ៊ុនធំៗជាច្រើនទៀត នឹងរៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ ហើយអាចទទួលបានការទទួលស្គាល់រដ្ឋបាលគយចិន ដែលអាចនឹងធ្វើឲ្យចំនួនរោងចក្រមានកើនឡើង បរិមាណនៃការនាំចេញក៏កើនឡើងបន្ថែមទៀតផងដែរ។

ផ្លែស្វាយភាគច្រើន ដែលនាំចេញទៅប្រទេសចិនបាន គឺពូជស្វាយកែវល្មៀត ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តដាំ និងមានទិន្នផលខ្ពស់។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី នៅប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការដាំដុះដាំណាំស្វាយ មានការកើនឡើងរហូតដល់ជាង១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់១.៧លានតោន។

លោកបានបន្តថា “បើទោះបីជាកម្ពុជា មិនទាន់ទទួលបានការអនុម័តនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនក្តី ក៏នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសជិតខាង ក្នុងបរិមាណ៩៧ម៉ឺនតោនផងដែរ ហើយសម្រាប់ឆ្នាំ២០២១នេះ រំពឹងថាការនាំចេញទៅប្រទេសជិតខាង អាចកើនឡើងដល់ជាង១លានតោន”។

សម្រាប់ការនាំចេញផ្លែស្វាយ ដោយផ្ទាល់ទៅកាន់ទីផ្សារចិននេះ ក្រសួងកសិកម្មបានប្រឹងប្រែងធ្វើការចរចាបើកទីផ្សារអស់ រយៈពេលជាង៣ឆ្នាំ ទើបនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ។

ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here