ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​សមាជិក​ផ្ដល់​សន្ទនីយ​ភាព​គឺជា​អ្វី?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សមាជិក​ផ្ដល់​សន្ទនីយ​ភាព គឺជា​សមាជិក​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (ផ.ម.ក.) ដែលមាន​ភារកិច្ច​ជម្រុញ​សន្ទនីយ​ភាព​នៃ​ភាគហ៊ុន ដែល​ពួកគេ​បានជ្រើសរើស ដោយ​ត្រូវ​រក្សារ​គម្លាត​ថ្លៃ​បញ្ជា​ទិញ​និង​លក់ នៅក្នុង​ទីផ្សារ​ឱ្យនៅ​ស្មើ​ឬ​តូច​ជាង១០ឯក​តា​គម្លាត​ថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានន័យថា​នៅពេល​បញ្ជា​ទិញ និង​លក់​ល្អ​បំផុត​របស់​ភាគហ៊ុន​មួយ នៅលើ​ទីផ្សារ​មាន​ថ្លៃ​ខុសគ្នា​ច្រើន លើសពី១០ឯក​តា​គម្លាត​ថ្លៃ សមាជិក​ផ្តល់​សន្ទនីយ​ភាព​ត្រូវដាក់​បញ្ជា​ទិញ/លក់ ចូលក្នុង​ទីផ្សារ​ធ្វើយ៉ាងណា ឱ្យ​គម្លាត​ថ្លៃ​នោះ​ទាប​ជាង​ឬ​ស្មើ១០ឯក​តា​គម្លាត​ថ្លៃ។

គេ​សង្កេតឃើញថា ភាគហ៊ុន​ដែលមាន​សមាជិក ផ្ដល់​សន្ទនីយ​ភាព​ជួយ​ជម្រុញ មាន​ទំនោរ​ជួញដូរ និង​សន្ទនីយ​ភាព​សកម្ម ជាង​ភាគហ៊ុន​ដទៃ​ផ្សា​រមូល​ប​ត្រ គឺជា​កន្លែង​ដែល​មូល​ប​ត្រ ដូចជា ភាគហ៊ុន​និង​សញ្ញា​បណ្ណ ត្រូវបាន​ទិញ​និង​លក់​ដោយ​វិនិយោគិនផ្សេងៗ រួមទាំង​ជាតិ និង​អន្តរជាតិ។

ផ្សា​រមូល​ប​ត្រ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេសមួយ ដោយ​វា​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​សាជីវកម្ម សហគ្រាស​សាធារណៈ និង​រដ្ឋាភិបាល​អាច​ប្រមូល​ទុន ដោយផ្ទាល់​ពី​សាធារណជន មកប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវកម្ម ឬ​អភិវឌ្ឍ​ន៏​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។

ម្យ៉ាងវិញទៀត ទីផ្សារ​នេះ​ទៀតសោត ក៏បានផ្តល់​ឱកាស​ដល់​អ្នក​ដែលមាន​ប្រាក់​សល់​ពី​ការចំណាយ មាន​ជម្រើស​ក្នុង​ការធ្វើ​ពិពិធ​កម្ម សំណុំ​វិនិយោគ​របស់ខ្លួន ឬ​ធ្វើការ​សន្សំ(ជាមួយ​មូល​ប​ត្រ​ដែលមាន​ហានិភ័យ​ទាប) ផងដែរ។

នៅពេល​ដែលមាន​លំហូរ​មូលធន ពី​អ្នកមាន​ប្រាក់​ទៅកាន់​អ្នក ដែល​ត្រូវការ​ប្រាក់​កើតឡើង​ប្រកបដោយ​ប្រសិទ្ធភាព នោះ​សកម្មភាព​សេដ្ឋកិច្ច​ដូចជា​ពាណិជ្ជកម្ម និង​ផលិតកម្ម​នឹង​រីកលូតលាស់ ព្រមទាំង​បង្កើតឱ្យមាន​ការងារ និង​ទ្រព្យសម្បត្តិ​សម្រាប់​ប្រជាជន​ទូទៅ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here