ដោយៈលក្ខិណា
ភ្នំពេញៈ ក្នុងពេលដែលជំងឺកូវីដ១៩ នៅតែបន្តរាលដាលក្នុងប្រទេសកម្ពុជា វិធានការរបស់ក្រសួងសុខាភិបាលក៏ត្រូវបានរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំង ដោយបានណែនាំឱ្យពលរដ្ឋរក្សាគម្លាត ជៀសវាងកាន់របស់រួមគ្នា ក្នុងនោះក្រដាសប្រាក់ក៏ជាវត្ថុមួយ ដែលត្រូវកាន់តៗគ្នាពីម្នាក់ទៅម្នាក់ ដែលជាកត្តាប្រឈមមួយក្នុងការចម្លងជំងឺនេះ។
ដោយសារតែការយល់ឃើញនូវកត្តានេះ ធនាគារជាតិនៃកម្ពុជាក៏បានអំពាវនាវនិងជំរុញឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ងាកមកបម្រើការទូទាត់ការចំណាយរបស់អតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ប្រាក់ ដើម្បីទូទាត់ របស់ខ្លួន។
ឆ្លើយតបនឹងការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា បណ្ដាធនាគារធំៗក្នុងស្រុកនិងមីក្រូហិរញ្ញវត្ថុជាច្រើន ក៏បានងាកមកជំរុញការទូទាត់ និងចាយចាយតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងជំងឺកូវីដ១៩ កាន់តែធំថែមទៀត ។
ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសថាខ្លួនបានធ្វើបច្ចុប្បន្នភាព កម្មវិធីអេបរបស់ធនាគារ ដើម្បីសម្រួលឱ្យអតិថិជន កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងពេលប្រជាពលរដ្ឋទូទាំងរាជធានី ត្រូវស្នាក់ក្នុងផ្ទះដើម្បីបញ្ចប់ជំងឺកូវីដ១៩ ។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោកអ៊ិន ចាន់នីបានថ្លែងថា មានកម្មវិធីទូរសព្ទដៃមួយនៅផ្ទះ គឺដូចជាមាននាយកធនាគារមួយនៅក្នុងផ្ទះអញ្ចឹងដែរ ដោយអតិថិជន អាចទូទាត់ការចំណាយនានារបស់ខ្លួន អាចធ្វើប្រតិបត្តិការផ្សេងៗនិងអាចបញ្ជាការទិញទំនិញតាមអនឡាញបានទៀតផង ។
ជាមួយគ្នានេះ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេវិញ លោកគា បូរាណក៏បានឱ្យដឹងថា ការទូទាត់តាមបច្ចេកវិទ្យាអេឡិចត្រូនិក ជាពិសេសតាមកម្មវិធីស្កែនQR នឹងជួយឱ្យអតិថិជន ក៏ដូចជា ម្ចាស់អាជីវកម្មកាន់តែមានភាពងាយស្រួល ព្រោះមិនត្រូវការពិនិត្យសាច់ប្រាក់យូរ ខាតពេលវេលានោះទេ ហើយអាចទូទាត់តាមគ្រប់ពេលវេលាផងដែរ។
គ្រឹះស្ថានមួយនេះបានតែ បន្ថែមមុខងារមួយទៀត សម្រាប់ជួយដល់ពលរដ្ឋជាប់ក្នុងតំបន់ខ្ទប់ហើយខ្វះខាតលទ្ធភាព គឺអាចខ្ចីប្រាក់ពីគ្រឹះស្ថានត្រឹមតែមួយថ្ងៃ តាមរយៈកម្មវិធីទូរសព្ទដៃ ដែលអាចជួយដល់ពលរដ្ឋមានការលំបាកបានទាន់ពេលវេលា។
ជាមួយគ្នានេះធនាគារហត្ថាបាន និងកំពុងវិនិយោគបន្ថែមលើប្រព័ន្ឋទូទាត់តាមឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។
លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា គោលដៅរបស់យើងធ្វើយ៉ាងណា ផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត មានភាពងាយស្រួលដល់អតិថិជន ដោយយើងធ្វើយ៉ាងណាឲម្យអតិថិជនរបស់យើង ទទួលបានសេវាកម្មកាន់តែងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់ ពិសេសយើងផ្តល់ភាពកក់ក្តៅដល់អតិថិជន តាមរយៈសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់៕