កម្ពុជារកបានចំណូលបានជាង៣៨០លានដុល្លារពីការនាំចេញអង្ករនិងស្រូវក្នុងរយៈពេល៤ខែដើមឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ១៩២.៤៩៥តោន នៅ៤ខែដំបូងឆ្នាំ២០២១នេះ ធ្លាក់ចុះចំនួន១០៧.៧៥៧តោន ស្មើនឹង -៣៥.៨៩% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០ ដែលមានចំនួន៣០០.២៥២តោន។ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយកាលពីម្សិលមិញ។

របាយការណ៍បានឲ្យដឹងទៀតថា ការនាំចេញស្រូវមានចំនួន១.៥២៩.២៨០តោន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១ មានការកើនឡើងចំនួន៦៤៦.០៤៨តោន (៧៣.១៥%) បើធៀបនឹងរយៈដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានចំនួនតែ៨៨៣.២៣២តោន តែប៉ុណ្ណោះ។

បើតាមរបាយការណ៍រយៈពេល៤ខែឆ្នាំ២០២១នេះ ការនាំចេញអង្ករ រកចំណូលបានជាង១៦១លានដុល្លារ ដុល្លារអាមេរិក និងការនាំចេញស្រូវ រកចំណូលបានចំនួនជាង២២១ដុល្លារអាមេរិក ដូច្នេះទាំងការនាំចេញអង្ករ និងការនាំចេញស្រូវសម្រេចបានចំណូលសុបបាន៣៨២លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញអង្ករ ក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន ៣៨ ៨០៧តោន ថយចុះចំនួន ៣០ ៤៩៧តោន (-៤៤%) បើធៀបនឹងខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ៦៩ ៣០៤តោន។

ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន១៣០.១២០តោន ស្មើនឹង៦៧.៦% អង្ករសគ្រប់ប្រភេទមានចំនួន ៥៩.០២៦តោន ស្មើនឹង៣០.៦៦% និងអង្ករចំហុយ មានចំនួន៣.៣៤៩តោន ស្មើនឹង១.៧៤%។

អង្ករបាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន៤២.៨៥០តោន (២២.២៦%) ទិសដៅប្រទេសចិន មានបរិមាណសរុប ចំនួន១០៤.៧៥៦តោន (៥៤.៤២%) ទិសដៅអាស៊ាន ចំនួន៤ប្រទេស មានបរិមាណសរុបចំនួន១៧.៤៨៣តោន (៩.០៨%) និងទិសដៅដទៃទៀត ចំនួន១៨ប្រទេស មានបរិមាណសរុប ២៧ ៤០៦តោន (១៤.២៤%)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន៥១ ហើយបរិមាណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់១៣៥ ៩៨០តោន (៧០.៦៤%) និងក្រុមហ៊ុន៤១ដទៃទៀត បាននាំចេញត្រឹមតែ ៥៦ ៥១៥តោន (២៩.៣៦%)៕

LEAVE A REPLY

Please enter your comment!
Please enter your name here