រោងចក្រប្រមាណ៦០ ស្ថិតក្នុងតំបន់លឿងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ

          ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ តាមរយៈការបម្រែបម្រួល នៃពណ៌តំបន់ខ្លះទៅជាពណ៌លឿង ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញនេះ ក្នុងនោះរោងចក្រចំនួនប្រមាណ៦០រោងចក្រ នឹងត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ខណៈក្រសួងការងារក៏កំពុងរៀបចំចេញប័ណ្ណ អនុញ្ញាតរថយន្តដឹកជញ្ជូនកម្មករនិយោ​ជិតឡើងវិញ។

ក្នុងសន្និសីទសារព័តមានស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញនិងខេត្តកណ្តាល កាលពីថ្ងៃម្សិលម៉ិញ លោកហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅក្នុងសេចក្តីសម្រេច០៥៤ ក៏អាស្រ័យ ទៅលើអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ ហើយនិងក្រុង ជាអ្នកពិនិត្យវាយតម្លៃបន្ថែមទៀត ប្រសិនជាស្ថិតក្នុងតំបន់លឿងមែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក៏ប៉ុន្តែជាវិធានការណ៍ជាក់ស្តែង អាស្រ័យទៅលើអាជ្ញាធរមូលដ្ឋានជាអ្នកកំណត់បន្ថែមទៀត អញ្ចឹងយើងគិតទៅប្រហែលជាអាច មានមនុស្សប្រហែលខ្ទង់១៨ទៅ២០ម៉ឺននាក់ ដែលអាចចាប់ផ្តើមដំណើរការ គេហៅថាការងាររបស់ខ្លួនឡើងវិញនេះ យើងគិតក្នុងកម្រិតមួយប្រហែលជា៦០ភាគរយ នៃចំនួនកម្មករក្នុងរោងចក្រទាំង៦០នោះ រឺក៏ក្រុមហ៊ុនដទៃផ្សេងទៀត។

លោកហេង សួរបានបន្ថែមថា ទោះបីជារោងចក្រ រឺក៏ក្រុមហ៊ុនស្ថិតក្នុងតំបន់លឿងអាចបើកដំណើរការបាន ប៉ុន្តែបុគ្គលិករបស់គាត់ កម្មកររបស់គាត់ដែលស្ថិតក្នុងតំបន់ក្រ​ហម ហើយតំបន់លឿងទុំ គឺមិនទាន់អាចចេញពីតំបន់នោះ ដើម្បីមកធ្វើការបាននៅឡើយទេ អញ្ចឹងជាការប៉ានស្មានគឺកម្មករ និយោជិតប្រមាណ២០ម៉ឺននាក់ មានសកម្មភាព មានមុខរបរ និងការងារឡើងវិញ ដែលនេះក៏ជាការសម្រួល បន្ទុកអ្នកទាំងអស់នោះបានខ្លះ ហើយរោងចក្រ សហគ្រាសក៏អាចផ្តើមអាជីវកម្មរបស់គាត់បានខ្លះ។

លោកបញ្ជាក់ទៀតថា “ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ វិធានសុខាភិបាល ហើយនិងស្ថានភាព ហើយកម្រិតហានិភ័យនៃការផ្ទុះកូវីដ គឺនៅតែជាលក្ខខ័ណ្ឌចាំបាច់ មិនមែនមានន័យថា នៅក្នុងតំបន់លឿងយើងអាចបើកបាន ដោយមិនគិតទៅលើវិធានការនោះទេ”។

ទាក់ទិនក្នុងអំឡុងនៃការបិទខ្ទប់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នេះ លោក ហេង សួរ បានឲ្យដឹងថា កម្មករនិយោជិតប្រមាណ១,២លាននាក់ បានរងផលប៉ះពាល់ពីឥទ្ធិពលនេះ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលកម្មករនិយោជិតប្រមាណ៤០ម៉ឺននាក់ ស្ថិតក្នុងតំបន់បិទខ្ទប់ដោយមិនអាចចេញទៅធ្វើការបាន។

លោកបន្តថា ទោះជាយ៉ាងណាក៏ដោយ ចំពោះបងប្អូនកម្មករដែលមិនអាចទៅបំពេញការងារបាន ក៏ពួកគាត់នៅតែបានប្រាក់៥០ភាគរយ នៃប្រាក់ឈ្នួលប្រចាំខែផងដែរ ពីការឧបត្ថម្ភរបស់និយោជក និងជំនួយរដ្ឋាភិបាល ដែលគាត់បានបំពេញការងារមុនពេលបិទខ្ទប់។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការប្រើប្រាស់ប្រាស់អនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកសម្រាប់ រោងចក្រ សហគ្រាស និងសិប្បកម្មដែលស្ថិតក្នុងតំបន់លឿង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា យោងតាមយន្តការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ដែលស្ថិតក្នុងតំបន់លឿង នៅក្នុងភូមិសាស្រ្ត ខាងលើ អាចស្នើសុំប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត ដោយនឹងទទួលបានប័ណ្ឌអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល០១ថ្ងៃប   ន្ទា​ប់ពីការស្នើសុំ និងបំពេញព័ត៌មានបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here