ដោយៈ ម៉ាណេត
ភ្នំពេញៈ ដោយសារការរីករាលដាលសកលនៃជំងឺកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ធ្លាក់ចុះលើកដំបូងគិតចាប់តាំង ចាប់តាំងពីឆ្នាំ១៩៩៤ ។
ទោះជាយ៉ាងណា ក៏ដោយកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញរង្វង់៤ភាគរយនៅឆ្នាំនេះ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី ដែលបានចុះហត្ថលេខាថ្មី ជាមួយមហាយក្សចិន និងកិច្ចព្រមដៃគូសេដ្ឋកិច្ចគ្រប់គ្រងជ្រុងជ្រោយក្នុងតំបន់ (RCEP)។
កិច្ចសហប្រតបត្តិការជាមួយចិន
លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញការសាទរចំពោះប្រទេសចិន ដែលបានអនុម័តជាផ្លូវការ នូវការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន។
លោកបានមានប្រសាសន៍ថា “នេះគឺជាសមិទ្ធិផលថ្មី ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិន” ។
លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចុះហត្ថលេខានៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នឹងផ្តល់នូវការចេញទៅកាន់ទីផ្សារកាន់តែធំ សម្រាប់ផលិតផលកម្ពុជា។
លោកបានមានប្រសាសន៍ថា “យើងមានទំនុកចិត្តថា តាមរយៈទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់យើង ចិននឹងបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ ក្នុងកំឡុងពេល និងក្រោយពេលមានវិបត្ដិកូវីដ១៩” ។ លោកបន្ថែមថា “នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- ចិនចូលជាធរមាន ខ្ញុំសង្ឃឹមថាផលិតផលកម្ពុជាជាពិសេសផលិតផលកសិកម្ម និងផលិតផលសក្តានុពលផ្សេងៗទៀតនឹងត្រូវនាំចេញទៅកាន់ប្រទេសចិនកាន់តែច្រើន” ។
លោកបណ្ឌិតម៉ី កល្យាណសេដ្ឋវិទូនៅកម្ពុជា និងប្រធានវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា វាមានសំណាងណាស់ ដែលសេដ្ឋកិច្ចចិនបច្ចុប្បន្ននេះភាគច្រើន មិនមានផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ ដូច្នេះចិនមាន “សមត្ថភាពល្អ” ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិតបានថ្លែងបន្តថា“អ្វីដែលយើងរំពឹងពីប្រទេសចិន គឺគោលនយោបាយ Push and Pull (ជំរុញនិងទាញ)។ ឧទាហរណ៍ ចិននឹងបន្តក្លាយជាទីផ្សារធំ សម្រាប់ទំនិញនាំចេញរបស់យើង ហើយទន្ទឹមនឹងនេះបន្ថែមការវិនិយោគបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុកនៅកម្ពុជា ដូច្នេះសេដ្ឋកិច្ចអាចងើបឡើងវិញជាសន្សឹម” ។
ជាមួយគ្នានេះលោកបណ្ឌិតឈាង វណ្ណារិទ្ធប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានមានប្រសាសន៍ថា កម្ពុជា និងចិនត្រូវតែធ្វើការរួមគ្នា ដើម្បីពង្រឹង មិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធរឹង ប៉ុន្តែថែទាំងហេដ្ឋារចនាសម្ព័ន្ធទន់នៅកម្ពុជាផងដែរ។
លោកបន្តថា “ការអភិវឌ្ឍជំនាញ ការកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាអន្តរាគមន៍គោលនយោបាយដ៏សំខាន់ ដើម្បីលើកកម្ពស់ភាពធន់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា” ។
សារៈសំខាន់នៃកិច្ចព្រមព្រៀង RCEP
កិច្ចព្រមព្រៀង RCEP ត្រូវបានបង្កើតឡើង ដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុងឆ្នាំ២០១២ កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ កម្រិតតំបន់(RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ រវាងប្រទេសជាសមាជិកទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥ ដែលរួមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។
ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិកទាំង១៥នេះ បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក។ ការផ្តល់សច្ចាប័នរបស់ប្រទេសសមាជិកអាស៊ានចំនួន៦ និងប្រទេសមិនមែនជាសមាជិកអាស៊ានចំនួន៣ គឺចាំបាច់សម្រាប់ការឈានដល់ការចូលជាធរមាន សម្រាប់កិច្ចព្រមព្រៀងនេះ។
លោកស៊ាង ថៃបាននិយាយថា កម្ពុជាកំពុងពន្លឿននីតិវិធីផ្ទៃក្នុង ឆ្ពោះទៅរកការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់បំផុត។
លោកបញ្ជាក់ថា “បច្ចុប្បន្ននេះ កម្ពុជាបានបញ្ចប់ការបកប្រែកិច្ចព្រមព្រៀងពីភាសាអង់គ្លេសទៅជាភាសាខ្មែរ ហើយនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យភ្លាមៗ មុនពេលស្នើសុំការផ្តល់សច្ចាប័នពីរដ្ឋសភា និងព្រឹទ្ធសភា” ។ លោកបានបន្ថែមថា “កម្ពុជារំពឹងថា កិច្ចព្រមព្រៀងនេះនឹងត្រូវផ្តល់សច្ចាប័ននៅក្នុងឆមាសទី២ ឆ្នាំ២០២១នេះ ប្រសិនបើស្ថានភាពនៃកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបានឆាប់” ។
លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP មានអត្ថន័យណាស់ សម្រាប់កម្ពុជាក្នុងរយៈពេលមធ្យម និងវែង ហើយកម្ពុជាត្រូវការកែលម្អប្រព័ន្ធ និងយន្តការរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគកាន់តែរលូន៕ Xinhua៕