ក្រសួងពាណិជ្ជកម្មប្រាប់ពីហេតុផលជុំវិញការលក់ទំនិញជូនពលរដ្ឋនៅតំបន់ក្រហម បន្ទាប់ពីមានការរិះគន់

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យក្រសួងលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម បន្ទាប់ពីមានមតិរិះគន់មួយចំនួនជុំវិញការលក់របស់ខ្លួន ដែលអ្នកខ្លះថា ក្រសួងធ្វើមិនត្រូវតួនាទី និងអ្នកក្រសួងកំពុងដើរតួនាទីជំនួសអាជីវករ។

ក្រសួងបានចាត់ទុកការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារ បន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន ក្រសួងពាណិជ្ជកម្មមានកិត្តិយស។

ជាការឆ្លើយតបការវាយប្រហារនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការចេញលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺខ្លួនធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជំងឺនេះកំពុងរីករាលដាលខ្លាំង។

ក្រសួងបន្ថែមថា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្មក្នុងតម្លៃទាបជាងទីផ្សារ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមួយចំនួនទៀត ដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមដោយមិនគិតថ្លៃឈ្នួល ដែលរៀបចំដោយក្រុមការងារក្រសួងពាណិជ្ជកម្មផ្ទាល់ សំដៅចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុតនូវវិធានការការពារកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបន្ថែមថា គិតមកដល់ថ្ងៃនេះ ក្រសួងបានទទួលការបញ្ជាទិញយ៉ាងច្រើនពីប្រជាជន លើទីផ្សារអនឡាញក្រសួងពាណិជ្ជកម្ម ដោយបាននិងកំពុងសម្របសម្រួលបញ្ជូនស្បៀងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមបានចំនួន៦០០ ការបញ្ជាទិញ។

ចំពោះប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងកំឡុងពេលនៃការបិទខ្ទប់នេះ ហើយគ្មានលទ្ធភាពទិញស្បៀងដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្ម និងលក់ដោយអាជីវករឯកជន។

ក្រសួងបន្តថា ប្រជាពលរដ្ឋក្រីក្រទាំងនោះអាចជូនដំណឹងទៅគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដែលហៅកាត់ថា «គ.ប.ខ.» តាមរយៈក្រុមតេឡេក្រាម (Group Telegram) «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.)» ដោយបញ្ជាក់ឲ្យបានច្បាស់លាស់អំពី៖ (១) ស្ថានភាពមុខរបរ (២) ស្ថានភាពគ្រួសារ (៣) ស្ថានភាពបន្ទាន់ចាំបាច់ដែលមានតម្រូវការស្បៀង (៤) ទីតាំងស្នាក់នៅ ដូចជា លេខផ្ទះ លេខផ្លូវ សង្កាត់ ខ័ណ្ឌ និង (៥) លេខទំនាក់ទំនង ដើម្បីទទួលបាននូវស្បៀងជំនួយសង្គម។ បន្ទាប់មក គណៈកម្មការ គ.ប.ខ. នឹងរៀបចំចាត់ចែងជូនតាមសំណូមពរជាបន្ទាន់ និងតាមការចាំបាច់។

ក្រសួងបានបញ្ជាក់ទៀតថា ជាមួយនឹងការលក់ផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដូចបានបញ្ជាក់ខាងលើ ក្រសួងពាណិជ្ជកម្មក៏បានបញ្ចេញស្បៀងឲ្យចរាចរណ៍ក្នុងទីផ្សារតាមរយៈរថយន្តចល័តរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងរបស់ក្រសួងចំនួន៨គ្រឿង និងបើកស្ដង់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្ម សរុបមាន១១ទីតាំង ដែលមាន ២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញជាស្បៀងមូលដ្ឋាន ក៏ដូចជាទប់ស្កាត់ការឡើងថ្លៃហួសហេតុដែលបង្កឡើងដោយជនឆក់ឱកាស និងជនខិលខូចមួយចំនួន។

ក្រសួងពាណិជ្ជកម្មក៏បានចាត់មន្ត្រីរបស់ខ្លួនឲ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឲ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឲ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ប្រជាពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា។

បើតាមមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម បានអង្ករ ១,៤៥២បាវ, មី ៤២៨៣កេស, ត្រីខ ២៨០៣យួរ, ទឹកត្រី ១១៦១យួរ, ទឹកស៉ីអ៉ីវ ១០៩៧យួរ, ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវ ៦០២ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here