សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នចាញ់បោកក្រុមខិលខូច

ដោយៈ លក្ខិណា

ភ្នំពេញៈ នៅក្នុងពេលដែលប្រជាពលរដ្ឋកំពុងជួបការលំបាក ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ មានជនខិលខូចមួយក្រុមបានទូរសព្ទទៅពលរដ្ឋ ដែលជំពាក់ធនាគារឬមីក្រូហិរញ្ញវត្ថុ ពីដំណឹងថ្មីៗ នៃការទទួលបានអត្ថប្រយោជន៍នៅក្នុងពេលមានវិបត្តិបែបនេះ ខណៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់ឱ្យអតិថិជនមានការប្រុងប្រយ័ត្នចំពោះការឆបោករបស់ក្រុមខិលខូចទាំងនោះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានទូរសព្ទទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដោយតម្រូវឱ្យអតិថិជនធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្ដល់ជូនផ្សេងៗទៀត។

នៅក្នុងសេចក្តីជូនដំណឹងរបស់សមាគមសមាគមមួយនេះបានឱ្យដឹងទៀតថា ដើម្បីជៀសវាងការចាញ់បោក ជនខិលខូចទាំងនោះ សមាគមសូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់តាមរយៈលេខទូរសព្ទរបស់មន្ត្រីឥណទាំន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថានដែលនៅជិតបំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អតិថិជនក៏អាចធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត ឬតាមរយៈម៉ាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ។

កន្លងមក សមាគមហិរញ្ញវត្ថុធំពីរនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ពីការចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីសម្រួលដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ ដូចជាការរៀបចំឥណទានឡើងវិញការពន្យារការបង់ប្រាក់ដើម និងការប្រាក់ជូនអតិថិជន ដែលមានផលប៉ះពាល់ខ្លាំងជាដើមក្នុងពេលដែលជំងឺកូវីដ១៩ កំពុងតែរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា និងបង្កផលប៉ះពាល់កាន់តែធ្ងន់ដល់ប្រជាពលរដ្ឋកម្ពុជា។

គ្រឹះស្ថានហិរញ្ញវត្ថុក៏បានប្រកាសពីការមិនពិន័យប្រាក់ចំពោះការបង់ប្រាក់ត្រលប់យឺតយ៉ាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here