ក្រុមហ៊ុនTeslaទទួលបានប្រាក់ចំណេញជាង៤០០លានដុល្លារពីការលក់រថយន្តអគ្គិសនីក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយៈ សុខុម

សហរដ្ឋអាមេរិក: ក្រុមហ៊ុនផលិតរថយន្តTesla របស់កំពូលមហាសេដ្ឋី Elon Musk បានប្រកាសកាលពីថ្ងៃចន្ទ ទី២៦ ខែមេសាថា ការលក់ដាច់ខ្លាំងនូវរថយន្តអគ្គិសនីរបស់ខ្លួនបានជួយឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញ៧ត្រីមាសជាប់ៗគ្នាគួរឱ្យសាទរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញចំនួន៤៣៨លានដុល្លារក្នុងត្រីមាសទី១ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា នៅពេលការលក់កើនឡើងលើសទ្វេដងជិតដល់១៨៥.០០០គ្រឿង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនTesla បានបញ្ជាក់ថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនបានកើនលើស១ពាន់លានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា មានភ័ស្តុតាងបង្ហាញថាមានមនុស្សម្នាក់ជាអ្នកបញ្ជាចង្កូតរថយន្ត Tesla មួយគ្រឿងដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋតិចសាស កាលពីដើមខែនេះ បណ្ដាលឱ្យបុរស២នាក់បាត់បង់ជីវិត។ ទោះជាយ៉ាងណា អាជ្ញាធរនៅជិតហ៊ូស្តុន (Houston) និយាយថា ក្រុមអ្នកស៊ើបអង្កេតប្រាកដណាស់ថា គ្មាននរណាម្នាក់បញ្ជាចង្កូតឡើយ នៅពេលរថយន្តនោះជួបឧបសគ្គផ្លូវកោង ហើយជ្រុលទៅបុកដើមឈើ ហើយធ្លាក់ចេញពីផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែមេសា នៅជិតក្រុងហ៊ូស្តុន ខាងលើនេះបាននាំឱ្យមានការត្រួតពិនិត្យជាថ្មីលើក្រុមហ៊ុនTesla និងប្រព័ន្ធបើកបរពាក់កណ្ដាលស្វ័យប្រវត្តិរបស់ខ្លួន។ ទីភ្នាក់ងារសហព័ន្ធចំនួន២ កំពុងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាននៅក្នុងការស៊ើបអង្កេតនេះ។

ប្រាក់ចំណូលនៅត្រីមាសទី១ បានកើនឡើង៧៤% ដល់១០,៣៩ពាន់លានដុល្លារ គឺខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះបើធៀបទៅនឹងចំនួនប្រាក់ចំណូល១០,៤៨ពាន់លានដុល្លារ ដែលក្រុមអ្នកវិភាគបានរំពឹងទុក។

ក្រុមហ៊ុន ដែលផលិតបន្ទះសូឡា និងអាគុយដែរនេះរកចំណូលបានតែ១៦លានដុល្លារប៉ុណ្ណោះនៅត្រីមាសទី១ ឆ្នាំ២០២០ ។

ក្រុមហ៊ុន Tesla ដែលពេលនេះមានតម្លៃសរុបរហូតដល់ទៅ៧០៨,៥៦ពាន់លានដុល្លារ បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សាធំបំផុតទី៦ នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនសហរដ្ឋអាមេរិក S&P 500៕

LEAVE A REPLY

Please enter your comment!
Please enter your name here