គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយបង្កើតឥណទានបន្ទាន់សម្រាប់ជួយសម្រាលអ្នកជួបបញ្ហាពេលបិទខ្ទប់

          ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងអំឡុងពេលលំបាកដោយសារវិបត្តិកូវីដ-១៩នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ បានផ្តល់សេវាកម្មពិសេសគឺ កម្ចីបន្ទាន់ដើម្បីជួយសម្រួលដល់អ្នក ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ដែលកំពុងត្រូវការប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអេ អឹម ខេ ដែលជាសមាជិកមួយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ខ្លួនបានផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនទាំងចាស់ និងថ្មីដែលមានដំឡើងកម្មវិធី AMK mobile អាចស្នើសុំកម្ចី បានរហូតដល់១០០ដុល្លារ ក្នុងអត្រាការប្រាក់ទាប មិនគិតកម្រៃសេវា និងមិនបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះទេ ហើយការអនុម័តផ្តល់កម្ចីយ៉ាងយូរបំផុត ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម អេ អឹម ខេ បានមានប្រសាសន៍ថា ការសម្រេចដាក់ឱ្យមានកម្ចីបន្ទាន់ ក្នុងអំឡុងពេលដែលប្រជាជន កំពុងជួបទុក្ខលំបាកនេះ ជាឆន្ទៈចែករំលែករបស់ អេ អឹម ខេ ដែលតែងតែយកចិត្តទុកដាក់រាល់សុខទុក្ខអតិថិជនរបស់ខ្លួន។ កម្ចីបន្ទាន់នេះ ផ្តល់ភាពងាយស្រួលស្របតាមបរិបទ នៃការរស់នៅសម័យថ្មី តាមប្រព័ន្ធឌីជីថល ដែលទាំងការដាក់សំណើ និងការផ្តល់ប្រាក់កម្ចី គឺធ្វើឡើងតាមរយៈAMK Mobile ដោយអតិថិជនមិនចាំបាច់ ធ្វើដំណើរមកបំពេញឯកសារ ឬមកដកប្រាក់ដោយផ្ទាល់នោះឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា អេ អឹម ខេ តែងតែចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈសកម្មភាពផ្សេងៗ ព្រមទាំងការអនុវត្តយ៉ាងខ្ជា​ប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល។ យើងសង្ឃឹមថា កម្ពុជានឹងឆ្លងផុតគ្រាដ៏លំបា​កនេះក្នុងពេលឆាប់ៗ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង៩៧ ម៉ឺននាក់ ជាមួយនឹងផលប័ត្រ ប្រាក់កម្ចីជិត៤០០លានដុល្លារអាមេរិក  និងប្រាក់បញ្ញើជិត២០០លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន១៤៩កន្លែង និងភ្នាក់ងារជិត ៦.០០០នាក់នៅទូទាំងប្រទេស ។

កន្លងទៅសមាគមហិរញ្ញវត្ថុពីរនៅកម្ពុជា គឺសមាមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមា​គមធនាគារនៅកម្ពុជា បានបានចេញនូវសេចក្ដីថ្លែងការណ៍ ជួយសម្រួលដល់អតិថិជនដែលរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩ ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យារការបង់ការប្រាក់និងប្រាក់ដើម សម្រាប់អតិថិជនដែលឆ្លងកូវីដ១៩ និងអតិថិជនធ្វើចត្តាឡីស័កជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here