ដោយៈសុខុម
អូស្រ្តាលីៈ យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២៤ មេសា នេះឱ្យដឹងថា ប្រទេសអង់គ្លេស និងប្រទេសអូស្រ្តាលី បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាលើកដំបូង ក្រោយពីប្រទេសអង់គ្លេស ចាកចេញពីប្លុកសហភាពអឺរ៉ុប ជាផ្លូវការ។
បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ ទី២៣ ខែមេសា នៅទីក្រុងឡុងដ៏ ប្រទេសទាំង២បានបញ្ជាក់ថា ខ្លួនមានបំណងចុះកិច្ចព្រមព្រៀងមួយឱ្យបាននៅត្រឹមខែមិថុនា។
តាមរយៈសេចក្តីថ្លែងការណ៍រួម ប្រទេសទាំង២និយាយថា “ប្រទេសទាំង២ជឿជាក់ថា បញ្ហានានាដែលនៅសេសសល់នឹងត្រូវបានដោះស្រាយ ហើយពេលនេះនឹងឈានដល់ចំណុចលម្អិត ជាមួយនឹងគោលបំណងជាក់លាក់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍”។
យោងតាមការប៉ាន់ប្រមាណ កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ អាចនឹងបន្ថែមទំហំទឹកប្រាក់៥០០លានផោន (៦៩៤លានដុល្លារអាមេរិក) ដល់ GDP (ផលិតផលក្នុងស្រុកសរុប) ដល់ប្រទេសភពអង់គ្លេស សម្រាប់រយៈពេលវែង។
នៅថ្ងៃចុងក្រោយនៃកិច្ចពិភាក្សា រវាងលោកស្រី Liz Truss រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស និងលោក Dan Tehan រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលី បានបញ្ចប់នៅទីក្រុងឡុងដ៏ ដោយគ្មានកិច្ចព្រមព្រៀង ប៉ុន្តែភាគីទាំង២នឹងចំណាយពេលពីរបីសប្តាហ៍ទៀត ដើម្បីដោះស្រាយបញ្ហានានា ដែលមិនទាន់ដោះស្រាយចប់ ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងជាផ្លូវការ។
លោកស្រី Liz Truss បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំង២ “នឹងជួយឱ្យយើងងើបឡើង កាន់តែរឹងមាំពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ពង្រឹងទំនាក់ទំនងរវាងប្រទេសប្រជាធិបតេយ្យទាំង២ ដែលមានជំនឿយ៉ាងមុតមាំលើសេរីភាព សហគ្រាស និងការប្រកួតប្រជែងដោយត្រឹមត្រូវ”។
ប្រសិនបើឈានដល់ការចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអង់គ្លេស និងអូស្រ្តាលី នេះនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង ក្រោយប្រទេសអង់ គ្លេសចាកចេញពីប្លុកសហភាពអឺរ៉ុប។
ប្រទេសអង់គ្លេស បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយប្រទេសជប៉ុន នៅខែតុលា ឆ្នាំ២០២០៕