ក្រសួងពាណិជ្ជកម្មតម្លើងស្តង់កើនដល់ចំនួន១១ទីតាំង ដើម្បីលក់ទំនិញតម្លៃសមរម្យជូនប្រជាពលរដ្ឋ

          ដោយៈគង់ ម៉ាលីនណា

ភ្នំពេញ ក្រសួងពាណិជ្ជកម្ម គិតរហូតមកត្រឹមថ្ងៃសុក្រនេះ បានរៀបចំស្តង់លក់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចំនួន ១១ស្តង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ (shop.moc.gov.kh) សម្រាប់លក់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់ប្រជាពលរដ្ឋ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឳកាសចុះពិនិត្យការលក់ទំនិញទាំងនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ របស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មលក់បានអង្ករសរុបចំនួន ៨២៨បាវ, មី ៣,៨៥៨កេស, ទឹកត្រី ៨៩៧យួរ, ទឹកស៊ីអ៊ីវ ៦៣៣យួរ, ត្រីខ ១,១០២យួរ, ទឹកសុទ្ធ១០២យួរ បន្លែ១១៥គីឡូក្រាម និងសាច់ក្រក ១៣គីឡូក្រាម ដោយបានលក់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម។ ដោយឡែក ការបញ្ជាទិញតាមរយៈទីផ្សារអនឡាញ មានការបញ្ជាទិញរហូតដល់៤១២ប្រតិបត្តិការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីជាជំនួយដល់ការទិញរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមរយៈលេខទូរសព្ទ ដូចជា៖ ០១៧ ៨៥៥ ០១១, ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here