ឧស្សាហកម្មរថយន្តអគ្គិសនីកំពុងបង្កើនដូចព្យុះ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនBaidu គ្រោងបោះទុន៧,៧ពាន់លានដុល្លារ

ដោយៈសុខុម

ប្រទេសចិន:  ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Jidu Auto ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Baidu និងក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិនGeely មានគម្រោងបោះទុន រហូតដល់ទៅ៧,៧០ពាន់លានដុល្លារអាមេរិក ដើម្បីផលិតរថយន្តអគ្គិសនីឆ្លាតវៃ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Jidu Auto ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ មេសានេះ។

លោក Xia Yiping ដែលជានាយកប្រតិបត្តិបានលើកឡើងថា ក្រុមហ៊ុន Jidu មានគម្រោងបញ្ចេញរថយន្តអគ្គិសនី បំពាក់បច្ចេកវិទ្យាឆ្លាតវៃដំបូងរបស់ខ្លួន នៅរយៈពេល៣ឆ្នាំខាងមុខ ដែលជារយៈពេលស្តង់ដារ សម្រាប់ឧស្សាហកម្មផលិតរថយន្ត ប៉ុន្តែក្រុមហ៊ុននឹងខំប្រឹងប្រែងពន្លឿន ដំណើរការនេះឱ្យកាន់តែឆាប់រហ័ស។

លោកបានបញ្ជាក់ថា “រថយន្តម៉ូឌែលដំបូងរបស់ក្រុមហ៊ុននេះ នឹងមានលក្ខណៈដូច “Robot” (មនុស្សយន្ត) សម្រាប់យុវវ័យ ដែលជាអតិថិជនគោលដៅ ហើយក្រុមហ៊ុននឹងធ្វើការវិភាគទិន្នន័យទីផ្សារធំ មុនពេលធ្វើការសម្រេចលើម៉ូឌែលចុងក្រោយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបើកដំណើរការក្រុមហ៊ុនរថយន្តថ្មីនេះ កាលពីខែមករា ដើមឆ្នាំ២០២១នេះធ្វើឡើង ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នៅជុំវិញពិភពលោកកំពុងប្រណាំងប្រជែងគ្នា ផលិតរថយន្តអគ្គិសនីបំពាក់បច្ចេកវិទ្យាឆ្លាតវៃ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកTesla របស់កំពូលមហាសេដ្ឋី Elon Musk ទទួលបានជោគជ័យខ្លាំងនៅក្នុងឧស្សាហកម្មនេះ។

ក្រុមហ៊ុន Jidu គ្រោងបញ្ចេញរថយន្តម៉ូឌែលថ្មី១ ជារៀងរាល់ឆ្នាំ ឬរាល់មួយឆ្នាំកន្លះម្ដង បន្ទាប់ពីបញ្ចេញម៉ូឌែលទី១។ ទន្ទឹមនេះ ក្រុមហ៊ុនក៏គ្រោងជួលបុគ្គលិក ចន្លោះពី២.៥០០នាក់ ទៅ៣.០០០នាក់ ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ រួមទាំងវិស្វករផ្នែកសូហ្វវែចន្លោះពី៤០០នាក់ទៅ៥០០នាក់ផងដែរ។

យោងតាមការបញ្ជាក់ថា ក្រុមហ៊ុន Baidu កាន់កាប់ភាគហ៊ុន៥៥% ចំណែកឯក្រុមហ៊ុនGeely កាន់កាប់ភាគហ៊ុន៤៥% នៅក្នុងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា Jidu។

ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Huawei សុទ្ធតែស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗទៀតរបស់ចិន ដែលកំពុងហក់ចូលប្រឡូក ក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here