លោកចូ បៃឌិន គ្រោងដាក់ចេញផែនការដំឡើងពន្ធខ្ពស់ជាប្រវត្តិសាស្ត្រលើប្រាក់ចំណេញពីការវិនិយោគសម្រាប់អ្នកមាន

ដោយៈសុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងដាក់ចេញផែនការប្រមូលពន្ធលើពលរដ្ឋអាមេរិក ដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដោយរាប់បញ្ចូលទាំងការដំឡើងពន្ធខ្ពស់បំផុតមិនធ្លាប់មាន លើប្រាក់ចំណេញពីការវិនិយោគផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៣ មេសា នេះឱ្យដឹងថា ផែនការប្រមូលពន្ធនេះ គឺធ្វើឡើងដើម្បីប្រមូលថវិកា ឱ្យបានប្រមាណ១ទ្រីលានដុល្លារសម្រាប់សេវាថែទាំកុមារ ការអប់រំមុនមត្តេយ្យសិក្សាជាសកល និងការឈប់សម្រាកមានប្រាក់បៀវត្សរ៍សម្រាប់កម្មករ។

ផែនការនេះ ជាផ្នែកមួយនៃការជំរុញរបស់សេតវិមាន ឱ្យមានការកែសម្រួលប្រព័ន្ធពន្ធរបស់សហរដ្ឋអាមេរិក ដើម្បីតម្រូវឱ្យអ្នកមាន និងក្រុមហ៊ុនធំៗចំណាយបន្ថែម និងជួយចេញថ្លៃចំណាយ សម្រាប់របៀបវារៈសេដ្ឋកិច្ច ប្រកបដោយមហិច្ឆតារបស់លោក ចូ បៃឌិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបានទម្លាយនៅសប្តាហ៍នេះថា សំណើនេះអំពាវនាវឱ្យមានការដំឡើ​ងអត្រាពន្ធលើប្រាក់ចំណូលខ្ពស់បំផុត ពី៣៧%ដល់៣៩,៦%។ សំណើនេះក៏នឹងបង្កើនពន្ធជិតទ្វេដងផងដែរ លើប្រាក់ចំណេញមូលធន (Capital Gains) សម្រាប់អ្នកដែលរកចំណូលបានច្រើនជាង១លានដុល្លារក្នុងមួយឆ្នាំផងដែរ។

នោះជាអត្រាពន្ធខ្ពស់បំផុត លើប្រាក់ចំណេញពីការវិនិយោគ ដែលពលរដ្ឋអាមេរិក មានស្ដុកស្ដម្ភភាគច្រើន បានបង់តាំងពីទសវត្សរ៍ឆ្នាំ១៩២០។ អត្រានេះមិនដែលលើសពី៣៣,៨%នោះឡើយ នៅក្នុងសម័យក្រោយសង្គ្រាមលោកលើកទី២។

ដំណឹងអំពីសំណើនេះ បានធ្វើឱ្យសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញ Wall Street ដាំក្បាលចុះយ៉ាងខ្លាំង ដោយសន្ទស្សន៍ផ្សារហ៊ុន S&P 500 Index បានដាំក្បាលចុះ១%នៅពេលរសៀល ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង១ខែមកនេះ។

ប្រភពដដែលនិយាយថា សេចក្ដីលម្អិតនៃសំណើនេះ នឹងត្រូវបញ្ចេញនៅសប្តាហ៍ក្រោយ មុនពេលលោកចូ បៃឌិន ថ្លៃងទៅកាន់សភានៅថ្ងៃពុធ ទី២៨ មេសា។ ប្រភពដដែលបានបញ្ជាក់ថា លោកចូ បៃឌិន បានសន្យាថានឹងមិនដំឡើងពន្ធលើគ្រួសារ ដែលមានប្រាក់ចំណូលតិចជាង៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំនោះឡើយ។

លោកស្រី Jen Psaki លេខាទទួលបន្ទុកផ្នែកសារព័ត៌មាននៅសេតវិមាន បានថ្លែងថា លោកប្រធានាធិបតីនឹងពិភាក្សាអំពី “ផែនការគ្រួសារពលរដ្ឋអាមេរិក” (American Families Plan) របស់លោកអំឡុងពេលថ្លែងទៅកាន់សភា ប៉ុន្តែបានបដិសេធមិនបញ្ចេ​ញសេចក្ដីលម្អិតនោះទេ។

លោកស្រីបានគូសបញ្ជាក់ថា “លោកចូ បៃឌិន និងក្រុមការងារសេដ្ឋកិច្ចរបស់លោ​កជឿជាក់យ៉ាងមុតមាំថា វិធានការទាំងនឹងមិនជះផលអវិជ្ជមាន ដល់ការវិនិយោគនៅសហរដ្ឋអាមេរិកនោះឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here