ក្រសួងពាណិជ្ជកម្មបញ្ចេញស្បៀងនិងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនលក់ជូនពលរដ្ឋរស់នៅតំបន់ក្រហម

ដោយៈ សាវុធ

ភ្នំពេញៈ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម បានលក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់២២ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់២២ ខែមេសា ឆ្នាំ២០២១នេះ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន៨២៨បាវ មីជាតិចំនួន ៣,៨៥៨កេស ទឹកត្រីចំនួន៨៩៧យួរ ទឹកស៊ីអ៊ីវចំនួន៦៣៣យួរ ត្រីខចំនួន១,១០២យួរ ទឹកសុទ្ធចំនួន១០២យួរ បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា នៅថ្ងៃនេះ (ខែ២២ ខែមេសា ឆ្នាំ២០២១នេះ) រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម បានលក់អង្ករបាន២១៨បាវ មីជាតិ៦២៣កេស ទឹកត្រី១៤៨យួរ ទឹកស៊ីអ៊ីវ១៦៧យួរ ត្រីខ ៣៥៥យួរ បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា ទំនិញស្បៀង លក់បាននៅតំបន់ក្រហម ថ្ងៃ២២ មេសា ២០២១ ពលរដ្ឋបានបញ្ជាទិញច្រើន។ យើងប្រឹងប្រែងសម្រប សម្រួលរហូតដល់យប់ ពុំទាន់អស់ការបញ្ជាទិញនៅឡើយ។ ទំនិញដែលពុំទាន់បានបញ្ជូនដល់ផ្ទះ នឹងបញ្ជូននៅថ្ងៃស្អែក។ ស្អែកនេះក្រសួងនឹងបញ្ចូលបន្លែ ច្រើនមុខទៀត ព្រមទាំងទំនិញក្រៀមផ្សេងទៀតផងដែរ។

ទន្ទឹមនេះដែរ ក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហម។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្រសួងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និងដឹកជញ្ជូន ដល់មុខផ្ទះអ្នកទិញ។

ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈប្រព័ន្ធអនឡាញ shop.moc.gov.kh ឬតាម QR Code ដែលបានភ្ជាប់ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here