ក្រសួងពាណិជ្ជកម្មបង្កើតក្រុមការងារគ្រប់គ្រងនិងតាមដានថ្លៃទំនិញប្រចាំថ្ងៃ អំឡុងពេលបិទខ្ទប់

ដោយ: សាវុធ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីគ្រប់គ្រង និងតាមដានថ្លៃទំនិញនៅលើទីផ្សារ ដើម្បីសម្រួលដល់ប្រជាជន ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកស៊ាង ថៃរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះថា ទាក់ទងនឹងការគ្រប់គ្រង និងតាមដានថ្លៃទំនិញនៅលើទីផ្សារ ក្នុងកំឡុងពេលបិទខ្ទប់ ក្រសួងពាណិជ្ជកម្មបង្កើត ក្រុមការងារចំពោះកិច្ចគ្រប់គ្រង និងតាមដាន់ព័ត៌មានថ្លៃទំនិញលើទីផ្សារ។

ក្រុមការងារនេះមានភារកិច្ចសំខាន់ៗ ដូចជា តាមដានថ្លៃទំនិញ ដែលប្រើជីវភាពប្រចាំថ្ងៃ សម្របសម្រួលការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ ចំណីអាហារ អង្ករ និងទំនិញយុទ្ធសាស្រ្តឲ្យទាន់ពេលវេលា និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋទាក់ទងនឹងបរិមាណ យថាប្រភេទ និងថ្លៃទំនិញលើទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងទៀតថា ក្រុមការងារបានចុះទៅស្រង់ថ្លៃទំនិញសំខាន់ៗប្រមាណជិត២០មុខ នៅតាមទីផ្សារសំខាន់ៗក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងណែនាំឲ្យអ្នកលក់បិទស្លាកតម្លៃច្បាស់លាស់ ក្រុមការងារក៏បានសិក្សាស្វែងយល់រកមូលហេតុ ដែលធ្វើតម្លៃទំនិញលើទីផ្សារមានការប្រែប្រួលក្នុងស្ថានភាពបិទខ្ទប់នេះ។

ជារួមតម្លៃទំនិញមួយចំនួន ដូចជា អង្ករ មី សាច់មាន់ សាច់ជ្រូកសាច់គោ ត្រីងៀត ពងមាន់ ពងទា ទឹកត្រី ទឹកស៊ីអ៊ីវ ដែលលក់នៅផ្សារមួយចំនួន៣០ក្នុងរាជធានីភ្នំពេញ មានការឡើងថ្លៃបន្តិចបន្តួច លើកលែងតែត្រីដែលមានការឡើងថ្លៃខ្ពស់ជាងគេ។ កត្តា ដែលនាំឲ្យត្រីមានការឡើងថ្លៃ ដោយសារត្រីមួយភាពត្រូវបាននាំចូល ហើយពេលចូលឆ្នាំ អ្នកធ្វើការ និងភ្ជាប់មកដល់ពេលបិទខ្ទប់ផង ធ្វើឲ្យការរៀបចំឯកសារនាំចូលមានការយឺតយ៉ាវ។

លោកបានថ្លែងថា ពេលនេះ ក្រសួងពាណិជ្ជកម្មបានធ្វើការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សម្រួលឲ្យក្រុមហ៊ុនជំពាក់ឯកសារនាំចូល ធ្វើឲ្យត្រីអាចនាំចូលមកបាន។ ប៉ុន្តែនៅមានការលំបាកមួយទៀត គឺការដឹកជញ្ជូនក្នុងពេលបិទខ្ទប់ ដែលបញ្ហានេះនឹងត្រូវបានសម្រួលមកវិញដោយអាជ្ញាធរខេត្ត និងរាជធានី ពេលនោះតម្លៃត្រីនឹងចុះមកវិញជាមិនខាន។

លោកបានឱ្យដឹងទៀតថា ក្រុមការងារសង្កេតឃើញថា បញ្ហាស្បៀងអាហារ ត្រីសាច់ នៅក្នុងប្រទេសកម្ពុជាមានគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការរបស់ប្រជាជនយើង តែបញ្ហាដែលត្រូវដោះស្រាយ គឺធ្វើយ៉ាងណាឲ្យទំនិញទាំងនោះ បានទៅដល់ដៃប្រជាពលរដ្ឋដោយរលូនក្នុងពេលបិទខ្ទប់នេះ។

ដោយសារការរាលដាលនៃវីរុសកូវីដ១៩ ក៏ដូចជាការអនុវត្តវិធានការណ៍បិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ធ្វើឲ្យផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន មានដូចជាផ្សារអូរឬស្សី ផ្សារដើមគរ និងផ្សារសេនជូរីផ្លាហ្សាជាដើម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។ ក្នុងនោះកត់សម្គាល់ឃើញថា តម្លៃទំនិញសំខាន់ៗមួយចំនួន ពិសេសខាងផ្នែកម្ហូបអាហារមានការប្រែប្រួលតម្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here