ការបិទខ្ទប់រាជធានីភ្នំពេញ និងតាខ្មៅប៉ះពាល់ធ្ងន់ដល់វិស័យដឹកជញ្ជូនទំនិញ

          ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរបានធ្វើឱ្យរដ្ឋាភិបាល សម្រេចចាត់វិធានការជាបន្តបន្ទាប់ រហូតឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។

ការចាត់វិធានការនេះ បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្ម ស្ទើរតែអស់ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងវិស័យដឹកជញ្ជូនក៏ត្រូវបានបញ្ជាក់ថារងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។

លោកឧកញ៉ា ស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងនាព្រឹកថ្ងៃទី២៩មេសានេះថា បើទោះ​បីជាអាជីវកម្មដឹកជញ្ជូន ត្រូវបានលើកលែងនៅក្នុងសម្រេចរបស់រាជរដ្ឋាភិបាល អំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលក៏ពិតមែន តែយើងនៅតែមិនអាចធ្វើអាជីវកម្មនេះបាន ដោយសារតែតំបន់មួយចំនួនដែលកំពុងធ្វើអាជីវកម្មគឺស្ថិតនៅក្នុងតំបន់ក្រហម ដែលមិនអាចចេញចូលបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ក្នុងស្ថានភាពដូច្នេះ សូមខាងពន្ធដារសូមមេត្តាយោគយល់និងលើកលែង”។

លោកឧកញ៉ាបន្តទៀតថា បើទោះបីជាអាជីវកម្មនេះ  លើកលែងក៏ពិតមែន តែរដ្ឋាភិបាល តម្រូវឱ្យអ្នកធ្វើការតែ២ភាគរយប៉ុណ្ណោះ ដូច្នេះមនុស្សតែពីរបីនាក់ក៏មិនអាចលើកដាក់ទំនិញក្នុងរថយន្ត ដើម្បីដឹកចេញបានដែរ គឺត្រូវផ្អាកតែម្ដង។ ដូច្នេះហើយបើទោះបីជាមានការលើកលែងមែន តែអាជីវកម្មមិនអាចដំណើរការបានរលូននោះទេ។

បើតាមប្រធានសមាគមរូបនេះបានលើកឡើងថា អាជីវកម្មដឹកជញ្ជូនទំនិញកម្ពុជា ហាក់ទទួលបានសកម្មភាពកម្រើកឡើងវិញ បន្តិចកាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ តែចូលដល់អំឡុងខែកុម្ភៈ ២០២១ ពោលគឺចាប់តាំងពីមានការឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១មក គឺអាជីវកម្មដឹកជញ្ជូនចាប់ផ្ដើមធ្លាក់បន្តិចម្ដងៗ រហូតដល់មានការរីករាលដាល នៃជំងឺកាន់តែធំឡើងរហូតដល់បិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅទាំងស្រុងតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here