ជប៉ុនប្តេជ្ញាគាំទ្រសហរដ្ឋអាមេរិកប្រឆាំងនឹង “ការប្រើកម្លាំងបាយ” ពីសំណាក់មហាយក្សចិន

ដោយៈ សុខុម

អន្តរជាតិៈ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានប្រកាសជំហរថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុន នឹងប្រឆាំងចំពោះ “ការបង្ខិតបង្ខំ” ឬ “ការប្រើកម្លាំងបាយ” ណាមួយនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ នេះបើយោងតាមសារព័ត៌មាន Financial Times ចុះផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

ការលើកឡើងបែបនេះគឺជាការបាញ់ឆ្ពោះចំៗទៅរកមហាយក្សចិន ក្រោយជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន។

ថ្លែងនៅកៀកនឹងលោកចូ បៃឌិន នៅសេតវិមានកាលពីថ្ងៃសុក្រ ទី១៦ មេសា លោក Yoshihide Suga បានលើកឡើងថា មេដឹកនាំទាំង២បានពិភាក្សាគ្នាយ៉ាងម៉ឺងម៉ាត់អំពីបញ្ហាប្រទេសចិន និង “បរិយាកាសសន្តិសុខដែលមានសភាពធ្ងន់ធ្ងរ” នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងដូច្នេះថា “យើងបានព្រមព្រៀងគ្នាប្រឆាំងនឹងការប៉ុនប៉ងណាមួយដែលធ្វើឡើងក្នុងរូបភាពបង្ខិតបង្ខំ ឬប្រើកម្លាំងបាយដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត និងការបំភិតបំភ័យប្រទេសដទៃនៅក្នុងតំបន់”។

សហរដ្ឋអាមេរិក និងជប៉ុន ព្រួយបារម្ភចំពោះសកម្មភាពយោធាចិន ក្បែរកោះតៃវ៉ាន់ នៅសមុទ្រចិនខាងត្បូង។ ប្រទេសទាំង២ក៏ព្រួយបារម្ភចំពោះសកម្មភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញប្រជុំកោះសេនកាគុ (Senkaku Islands) ដែលជប៉ុនហៅ ឬប្រជុំកោះតាវយូ (Diaoyu Islands) ដែលចិនហៅ។ ទាំងជប៉ុន និងមហាយក្សចិន សុទ្ធតែអះអាងសិទ្ធិកាន់កាប់ប្រជុំកោះនេះរៀងៗខ្លួន។

លោក Yoshihide Suga បានលើកឡើងថា មេដឹកនាំទាំង២ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ផងដែរ ហើយការលើកឡើងបែបនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន អំពីការកើនឡើងសកម្មភាពយោធាចិន ជុំវិញប្រជុំកោះនេះ។

លោកបានបន្តថា មេដឹកនាំទាំង២ក៏បានបញ្ជាក់ជាថ្មីអំពីសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ដែលក្រុមមន្រ្តីគោលនយោបាយការពារជាតិ និងការទូតកំពូលនៃប្រទេសទាំង២ បានធ្វើឡើងនៅក្នុងទីក្រុងតូក្យូ អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ផងដែរ។

លោក Michael Green អ្នកជំនាញជនជាតិជប៉ុន នៅមជ្ឈមណ្ឌលដើម្បីការសិក្សាជាយុទ្ធសាស្ត្រ និងអន្តរជាតិ (Center for Strategic and International Studies) នៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក Yoshihide Suga គឺច្បាស់ៗប្រកបដោយទំនុកចិត្តខ្ពស់បំផុតពីសំណាក់មេដឹកនាំជប៉ុន ចាប់តាំងពីសហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានផ្លាស់ប្តូរការទទួលស្គាល់ការទូតរបស់ចិន ពីក្រុងតៃប៉ិ ទៅក្រុងប៉េកាំង នៅទសវត្សរ៍ឆ្នាំ១៩៧០។

នៅក្នុងសន្និសីទកាសែត លោកចូ បៃឌិន បានថ្លែងថា សហរដ្ឋអាមេរិក និងជប៉ុន “បានប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយប្រទេសចិន” ដែលរួមមានទាំងបញ្ហាសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ផងដែរ។

កាលពីសប្តាហ៍មុន កងទ័ពអាកាសចិន បានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះឈ្លបយកការណ៍ចំនួន២៥គ្រឿងចូលក្នុងដែនអាកាសរបស់កោះតៃវ៉ាន់ ដែលនេះជាទង្វើឈ្លានពានយ៉ាងគឃ្លើនបំផុត។

ភ្លាមៗ មហាយក្សចិន បានរិះគន់សេចក្តីថ្លែងការណ៍រួមនេះរវាងសហរដ្ឋអាមេរិក និងជប៉ុន ដោយនិយាយថា ការថ្លែងរបស់មេដឹកនាំនៃប្រទេសទាំង២គឺហួសពីទំនាក់ទំនងទ្វេភាគីធម្មតា។

លោក Yoshihide Suga គឺជាមេដឹកនាំបរទេសទី១ ដែលបានចូលជួបលោកចូ បៃឌិន ដោយផ្ទាល់ចាប់តាំងពីលោកចូលកាន់តំណែងនៅសេតវិមានក្នុងខែមករា ហើយនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសជប៉ុន ដែលជាផ្នែកមួយនៃសុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់លោកដើម្បីទប់ទល់នឹងមហាយក្សចិន។

នៅមុនជំនួបកំពូលនោះ មហាយក្សចិន បានព្រមានជប៉ុន ឱ្យចៀសវាងកុំលូកដៃនៅក្នុងការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here