ក្រសួងទេសចរណ៍ព្យាករណ៍ថាក្នុងឆ្នាំ២០២១នេះ វិស័យទេសចរណ៍នឹងបន្តដាំក្បាលចុះ

          ដោយៈលក្ខិណា

ភ្នំពេញៈ ដោយសារតែឥទ្ធិពលនេះជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២១នេះ នៅតែបន្តអូសបន្លាយ និងមានស្ថានភាពកាន់តែអាក្រក់ជាងឆ្នាំ២០២០ វិស័យទេ​សចរណ៍ ដែលជាវិស័យស្នូលមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា នឹងនៅបន្តជះផលអាក្រក់និងធ្លាក់ចុះបន្តទៀតក្នុងអត្រា ប្រមាណ-៦០ភាគរយទៅ -៧០ភាគរយ។

យោងតាមការសន្និដ្ឋានរួម របស់ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថថា វិបត្តិនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង មកលើការអភិវឌ្ឍរបស់ពិភពលោក លើគ្រប់វិស័យ ដោយឡែកវិស័យទេសចរណ៍កម្ពុជា ត្រូវរង់ចាំរយៈពេលពី៣ ទៅ៥ឆ្នាំទើបអាចស្ដារមកស្ថានភាពដូចដើមវិញ ប៉ុន្តែបើបរិការណ៍ជំងឺកូវីដ១៩នៅ អូសបន្លាយនោះអាចត្រូវរង់ចាំរយៈពេលរហូតដល់៧ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបន្តថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាលទេសចរអន្តរជាតិ នឹងមានអត្រាកំណើនយឺត ក្រោមទម្រង់ជាអក្សU ដែលអាចត្រូវរង់ចាំរយៈពេល៥ឆ្នាំ។ ដោយឡែកទេសចរជាតិ នឹងមានអត្រាកំណើនលឿន ក្រោមទម្រងជាអក្សរV ដែលអាចត្រូវរង់ចាំរយៈពេល៣ឆ្នាំ ។

តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ថា នៅក្នុងឆ្នាំ២០២១ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ នៅអូសបន្លាយសម្រាប់ទេសចរណ៍កម្ពុជា ត្រូវបានព្យាករថានឹងបន្តនូវភាពអវិជ្ជមាន ប្រមាណពី-៦០ភាគរយទៅ-៧០ភាគរយ ហើយឆ្នាំ២០២២ទេស​ចរណ៍កម្ពុជាត្រូវបានព្យាករ ថានឹងរក្សានូវកំណើនក្នុងចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ ជាកំណើនវិជ្ជមាន។

លោកធួន ស៊ីណា ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា មានកំណើនឡើងវិញបាន លុះត្រាតែវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ក្នុងលក្ខខណ្ឌតំបន់និងសកលលោក ។ បើទោះបីជាជំងឺនេះត្រូវបានបញ្ចប់ នៅក្នុងលក្ខខណ្ឌក្នុងប្រទេសកម្ពុជា វាក៏មិនអាចរុញកំណើនទេសចរណ៍បានលឿនដែរ ព្រោះទេសចរណ៍កម្ពុជាគឺពឹងផ្អែកលើទេសចរអន្តរជាតិ។

លោកបន្តថា “ខ្ញុំមើលមិនឃើញ ពីកំណើនក្នុងឆ្នាំ២០២១ ឬ២០២២ខាងមុខនេះទេ ដរាបជំងឺកូវីដ១៩ នៅតែមានវត្តមាននៅលើពិភពលោកនេះ”។ លោកបន្តថា “បើសិនជាចង់ឱ្យវិស័យនេះ មានសញ្ញាវិជ្ជមានត្រូវតែបញ្ចប់នូវជំងឺកូវីដ១៩ ទូទាំងសកលលោក អ្វីដែលពិសេសនោះ គឺប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ផ្ទាល់តែម្ដង”។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅចំណូលទេសចរណ៍អន្តរជាតិ ទទួលបានប្រមាណ១.០២៣លានដុល្លារអាមេរិក ថយចុះ៧៩,២ភាគរយធៀបនឹងឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here