ការនាំចេញរបស់ជប៉ុនហក់ឡើងខ្ពស់នៅក្នុងខែមីនា ខណៈចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន

ដោយៈ ម៉ាណេត

អន្តរជាតិៈ ការនាំចេញរបស់ប្រទេសជប៉ុនបានបង្ហាញពីកំណើនខ្លាំងបំផុតនៅក្នុងខែមីនា គិតត្រឹមរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារការកើនឡើងនៃការនាំចេញទៅប្រទេសចិន ដែលជាសញ្ញាបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចពីការធ្លាក់ចុះ បណ្តាលមកពីវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ទោះយ៉ាងណាទ ទិន្នន័យពាណិជ្ជកម្មនេះទំនងជាមិនកាត់បន្ថយការព្រួយបារម្ភទាំងស្រុងអំពីការស្ទុះងើបឡើងវិញដ៏ផុយស្រួយនៃសេដ្ឋកិច្ចធំលំដាប់ទី៣របស់ពិភពលោក ដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺរាតត្បាត នៅត្រីមាសទី១ ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញនៅថ្ងៃទី១៩ ខែមេសានេះ ថា ការនាំចេញបានកើនឡើង ១៦,១ភាគរយ នៅក្នុងខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧។ នេះប្រសើរជាងការកើនឡើង១១,៦ភាគរយ ដែលរំពឹងទុកដោយសេដ្ឋវិទូនៅក្នុងការស្ទង់មតិរបស់ Reuters។

លោក Tom Learmouth សេដ្ឋវិទូជប៉ុនប្រចាំក្រុមហ៊ុន Capital Economics បានថ្លែងថា “ការស្ទុះងើបឡើងវិញនៃការនាំចេញបានថយចុះគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី១ ហើយតម្រូវការពីខាងក្រៅទំនងជាមិនផ្តល់នូវភាពរីកចម្រើនដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះទេ”។

ក្រុមអ្នកវិភាគបាននិយាយថា ការកើនឡើងនៃការនាំចេញក៏ត្រូវបានកត់សម្គាល់ថា ដោយសារការកើនឡើងនៃការនាំចេញទៅប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ខណៈល្បឿននៃការស្ទុះងើបឡើងវិញ នៃការនាំចេញរបស់ក្រុមហ៊ុនទៅសហរដ្ឋអាមេរិកនៅតែមានល្បឿនយឺតនៅឡើយ។

លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin បានមានប្រសាសន៍ថា “ការនាំចេញភាគច្រើនទៅកាន់ប្រទេសចិនមិនពាក់ព័ន្ធនឹងវិស៧យបច្ចេកវិទ្យាទេ ដោយសារការរឹតត្បិត ចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកើនឡើង”។

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ជប៉ុន បានកើនឡើង៣៧,២ភាគរយ ក្នុងខែមីនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here