វិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពសម្រាប់សេដ្ឋកិច្ចពិភពលោក

ដោយលក្ខិណា

ភ្នំពេញៈ វិស័យធានារ៉ាប់រងជាវិស័យសំខាន់មួយ ក្នុងកំណើនសេដ្ឋកិច្ចទាំងកម្ពុជានិងលើពិភពលោក ដោយសារតែវាមានសារសំខាន់ ក្នុងការការពារនូវវិបត្តិហិរញ្ញវត្ថុសម្រា​ប់ក្រុមហ៊ុនសម្រាប់គ្រួសារ និងបុគ្គលិក។

លោកយក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte និងជាអ្នកដែលមានបទពិសោធន៍ លើវិស័យជាង២ទសវត្សរ៍មកហើយនោះ បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា វិស័យធានារ៉ាប់រងជាវិស័យធំមួយ និងជាសំណាញ់ធំមួយ សម្រាប់សុវត្ថិភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកំនាស់សេដ្ឋកិច្ចពិភពលោកផងដែរ ។

លោកថា “ការរកស៊ីទាំងអស់ទាំងមុខរបរឯកជន ឬក្រុមហ៊ុនធំៗ គឺត្រូវការធានារ៉ាប់រងដើម្បីផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុជូនពួកគាត់។ ចំណែកកំនាស់សេដ្ឋកិច្ច បានន័យថា ធានារ៉ាប់រងមានទុនបម្រុងសល់ច្រើន ដែលទុនបម្រុងទាំងនោះគឺសល់ជាប្រចាំ ហើយទុនបម្រុងនោះ ត្រូវចាក់ចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចវិញ ដែលអាចជំរុញចរន្តសេដ្ឋកិច្ចអោយវិលចុះឡើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វិស័យធានារ៉ាប់រងសេដ្ឋកិច្ចកម្ពុជា គឺនៅមានភាពក្មេងខ្ចី និងមានអាយុកាលទើបតែជាង២ទសវត្សរ៍ប៉ុណ្ណោះ ហើយបើប្រៀបធៀបទៅនឹងប្រទេសអរិយប្រទេសលើពិពលោក”។ លោកបន្ថែមថា “គេតែងនិយាយថាបើគ្មានធានារ៉ាប់រងទេ ពិភពលោកគឺគ្មានចលនា ហេតុនេះទើបកម្ពុជាចាប់ផ្ដើមជំរុញវិស័យធានារ៉ាប់រង អោយកាន់តែទូលំទូលាយ”។

រហូតមកដល់ពេលនេះ វិស័យធានារ៉ាប់រងមានប្រហាក់ប្រហែល ០,៦ឬ០,៧ភាគរយប៉ុណ្ណោះនៃ GDP ប្រទេសកម្ពុជា ដែលតួលេខនេះនៅមានកម្រិតទាបនៅឡើយ ក៏ប៉ុន្តែដោយសារតែវាជាទីផ្សារថ្មី កំណើននៃវិស័យនេះគឺខ្ពស់ ដោយក្នុងមួយឆ្នាំវិស័យធានារ៉ាប់រងកម្ពុជាកើនឡើងប្រមាណ៧ភាគរយ។

លោកយប់ ចំរើនឬទ្ឋិបានបន្ថែមថា ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ បានធ្វើអោយវិស័យធានារ៉ាប់រងមិនថាតែនៅកម្ពុជា ឬនៅលើសាកលោកទាំងមូលគឺបានប៉ះពាល់ទាំងអស់គ្នា ។ ដោយឡែកកម្ពុជា ផលិតផលធានារ៉ាប់រងមួយចំនួន បានប៉ះពាល់ទាំងស្រុងតែម្ដង ដូចជាផលិតផលធានារ៉ាប់ការធ្វើដំណើរ ដោយសារតែមិនមានការធ្វើដំណើរ ហើយវាបានប៉ះពាល់ធ្លាក់ចុះដល់កម្រិតសូន្យតែម្ដង។

ក្រៅពីធានារ៉ាប់រងការធ្វើដំណើរ ធានារ៉ាប់រងទៅលើការសាងសង់ ដូចជាលំនៅឋាន និងគ្រឹះស្ថានពាណិជ្ជកម្មផ្សេងៗ ក៏រងផលប់ះពាល់ធ្ងន់ធ្ងរដែរ ពីព្រោះតែល្បឿននៃការអភីវឌ្ឍមានភាពយឺតយ៉ាវ។

លោកបញ្ជាក់ថា ទន្ទឹមនឹងមានវិបត្តិនិងបញ្ហាប្រឈមទាំងនេះ វាក៏ជាឱកាសលើផលិតផលធានារ៉ាប់ផ្នែកសុខភាពផងដែរ ដោយផលិតផលនេះមានកំណើនគួរអោយកត់សម្គាល់ ជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជា ចាប់ផ្ដើមយល់ដឹងនិងស្វែងរកកញ្ចប់ធានារ៉ាប់រងសុខភាពកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here