ដោយៈ ម៉ាណេត
ភ្នំពេញៈ កម្ពុជាបានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ចំនួន៣ចំណុច ដើម្បីពិនិត្យពិចារណាលើទិដ្ឋភាពសំខាន់ សម្រាប់ជាមូលដ្ឋាននៃការរៀបចំផែន ការ និងទិសដៅកិច្ចសហប្រតិបត្តិការទៅមុខជាមួយកម្ពុជា អំឡុងជួបវិបត្តិកូវីដ១៩ និងរៀបចំខ្លួនដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញក្រោយវិបត្តិនេះ។
ការស្នើដូចនេះ ត្រូវបានធ្វើឡើង ដោយលោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី វិចតូរីយ៉ា ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក ក្នុងសប្តាហ៍នេះ។
លោកវង្សី វិស្សុត បានស្នើសុំឱ្យធនាគារពិភពលោក៣ចំណុច រួមមាន ទី១) ពិនិត្យ និងពិចារណាកែសម្រួលឡើងវិញ លើលក្ខខណ្ឌឥណទាន ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់ ទី២) កៀរគរហិរញ្ញប្បទានឥតសំណងឱ្យដល់កម្ពុជា ធ្វើយ៉ាងណាឱ្យធាតុអំណោយ(Grant Element) របស់គម្រោ ងនីមួយៗ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ នៃការគ្រប់គ្រងបំណុលរបស់រាជរដ្ឋាភិបាល និងទី៣) បង្កើនគុណភាពនៃគម្រោងវិនិយោគហិញ្ញប្បទាន ដោយធនាគារពិភពលោក ឱ្យកាន់តែប្រសើរ និងកាន់តែឆ្លើយតបជាងបច្ចុប្បន្ន។
លោកវង្សី វិស្សុត ឱ្យដឹងដែរថា នៅចំពោះមុខនៃវិបត្តិជំងឺកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោត លើអាទិភាព៤ រួមមាន៖ ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន ការរក្សាលំនឹងជីវភាពប្រជាជនពិសេស សម្រាប់ប្រជាជនក្រីក្រក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់០៧ជុំរួចហើយ តាមរយៈការអនុគ្រោះពន្ធ និងការលើកលែងពន្ធ, ការអនុគ្រោះការ បង់ប្រាក់វិភាគទាន ធានារ៉ាប់រង របបហានិភ័យការងារ និងការថែទាំសុខភាព និងការពន្យារការបង់កាតព្វកិច្ចរបបសន្តិសុខសង្គម ការបង្កើតឧបករណ៍ ហិរញ្ញប្បទានបន្ថែម ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្ម និងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត និងការរៀបចំវគ្គបណ្តុះបណ្តាល ដល់កម្មករ-និយោជិត ទាំងជំនាញទន់ និងជំនាញបច្ចេកទេស ព្រមទាំងវិធានការផ្សេងៗទៀត គួបផ្សំនឹងវិធានការ រូបិយវត្ថុ ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដូចជាការកែសម្រួលលក្ខខណ្ឌឥណទាន និងការបង្កើនសន្ទនីយភាព នៅលើទីផ្សារជាដើម។
លោកវង្សី វិស្សុតបានបន្តថា ក្រៅពីការអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្ម ដែលបានជួយស្រូបយកកម្លាំងពលកម្ម ដែលបាត់បង់ការងារ និងវិលត្រឡប់ពីបរទេស និងបានជួយបង្កើត នូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចនៅតាមជនបទ, រាជរដ្ឋាភិបាលក៏បានអនុវត្តប្រកបដោយភាពជោគជ័យ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
គិតមកទល់នឹងពេលនេះរាជរដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់សរុប ប្រមាណជាង ២៦០លានដុល្លារអាមេរិក តាមប្រព័ន្ធធនាគារ ដោយមានប្រជាពលរដ្ឋជាអ្នកទទួលផលប្រមាណ២.៧លាននាក់។
ជាការឆ្លើយតបលោកស្រី វិចតូរីយ៉ា ខ្វាខ្វា ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ពិសេសការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលអាចចងក្រងទុកជាឯកសារ និងចែករំលែកជាបទពិសោធន៍ ជូនទៅបណ្តាប្រទេសនានា។
លោកស្រីបន្ថែមថា “ឆ្លើយតបទៅនឹងសំណើខាងលើ ធនាគារពិភពលោក នឹងធ្វើការជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរកចម្លើយដ៏សមស្របណាមួយសម្រាប់កម្ពុជា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរឹងមាំ” ៕