កម្ពុជា​ស្នើ​ធនាគារពិភពលោក​ចំនួន៣ចំណុច​ដើម្បី​ចូលរួម​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា​បានស្នើ​ទៅកាន់​ធនាគារពិភពលោក (World Bank) ចំនួន៣ចំណុច ដើម្បី​ពិនិត្យ​ពិចារណា​លើ​ទិដ្ឋភាព​សំខាន់ សម្រាប់​ជា​មូលដ្ឋាន​នៃ​ការរៀបចំ​ផែន ការ និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ទៅមុខ​ជាមួយ​កម្ពុជា អំឡុង​ជួប​វិបត្តិ​កូ​វីដ១៩ និង​រៀបចំខ្លួន​ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​នេះ។

ការស្នើ​ដូចនេះ ត្រូវបាន​ធ្វើឡើង ដោយ​លោក​វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី វិច​តូ​រី​យ៉ា ខ្វា​ខ្វា (Victoria Kwakwa) អនុប្រធាន​ធនាគារពិភពលោក ក្នុង​សប្តាហ៍​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​វ​ង្សី វិស្សុត បានស្នើ​សុំឱ្យ​ធនាគារពិភពលោក៣ចំណុច រួមមាន ទី១) ពិនិត្យ និង​ពិចារណា​កែសម្រួល​ឡើងវិញ លើ​លក្ខខណ្ឌ​ឥណទាន ដើម្បីឱ្យ​កម្ពុជា​មានលទ្ធភាព​ទទួល​បាន​នូវ​ហិរញ្ញប្បទាន ដែលមាន​កម្រិត​សម្បទាន​ខ្ពស់ ទី២) កៀរគរ​ហិរញ្ញប្បទាន​ឥត​សំណង​ឱ្យដល់​កម្ពុជា ធ្វើយ៉ាងណា​ឱ្យ​ធាតុ​អំណោយ(Grant Element) របស់​គ​ម្រោ ងនីមួយៗ ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ នៃ​ការគ្រប់គ្រង​បំណុល​របស់​រាជរដ្ឋាភិបាល និង​ទី៣) បង្កើន​គុណភាព​នៃ​គម្រោង​វិនិយោគ​ហិញ្ញ​ប្ប​ទាន ដោយ​ធនាគារពិភពលោក ឱ្យ​កាន់តែ​ប្រសើរ និង​កាន់តែ​ឆ្លើយតប​ជាង​បច្ចុប្បន្ន។

លោក​វ​ង្សី វិស្សុត ឱ្យដឹង​ដែរ​ថា នៅ​ចំពោះមុខ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត លើ​អាទិភាព៤ រួមមាន៖ ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ-១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន ការរក្សា​លំនឹង​ជីវភាព​ប្រជាជន​ពិសេស សម្រាប់​ប្រជាជន​ក្រីក្រ​ក្រុម​ជន​ងាយ​រងគ្រោះ និង​អ្នក​បាត់បង់​ការងារ ការខិតខំ​ជួយ​ឱ្យអស់​លទ្ធភាព ដើម្បី​ជួយ​ឱ្យ​ធុរកិច្ច និង​អាជីវកម្ម​អាចរ​ស់បាន និង​រក្សា​ការងារ ពិសេស​ការរក្សា និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ការរក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ស្ថិរភាព​សង្គម និង​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្នុង​ក្របខណ្ឌ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់០៧ជុំ​រួចហើយ តាមរយៈ​ការអនុគ្រោះ​ពន្ធ និង​ការលើកលែង​ពន្ធ, ការអនុគ្រោះ​ការ បង់ប្រាក់​វិភាគទាន ធានារ៉ាប់រង របប​ហានិភ័យ​ការងារ និង​ការថែទាំ​សុខភាព និង​ការពន្យារ​ការបង់​កាត​ព្វ​កិច្ច​របប​សន្តិសុខ​សង្គម ការបង្កើត​ឧបករណ៍ ហិរញ្ញប្បទាន​បន្ថែម ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កម្មវិធី​សាច់ប្រាក់​ពលកម្ម និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​កម្មករ-និយោជិត និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល ដល់ក​ម្មករ-និយោជិត ទាំង​ជំនាញ​ទន់ និង​ជំនាញ​បច្ចេកទេស ព្រមទាំង​វិធានការផ្សេងៗទៀត គួបផ្សំ​នឹង​វិធានការ រូបិយវត្ថុ ដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដូចជា​ការកែសម្រួល​លក្ខខណ្ឌ​ឥណទាន និង​ការបង្កើន​សន្ទនីយ​ភាព នៅលើ​ទីផ្សារ​ជាដើម។

លោក​វ​ង្សី វិស្សុត​បាន​បន្តថា ក្រៅពី​ការអនុវត្ត​នូវ​កម្មវិធី​សាច់ប្រាក់​ពលកម្ម ដែល​បាន​ជួយ​ស្រូបយក​កម្លាំង​ពលកម្ម ដែល​បាត់បង់​ការងារ និង​វិលត្រឡប់​ពី​បរទេស និង​បាន​ជួយ​បង្កើត នូវ​សមិទ្ធផល​សង្គម-សេដ្ឋកិច្ច​នៅតាម​ជនបទ, រាជរដ្ឋាភិបាល​ក៏បាន​អនុវត្ត​ប្រកបដោយ​ភាពជោគជ័យ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ។

គិត​មកទល់នឹង​ពេលនេះ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ទឹកប្រាក់​សរុប ប្រមាណ​ជាង ២៦០លាន​ដុល្លារ​អាមេរិក តាម​ប្រព័ន្ធ​ធនាគារ ដោយមាន​ប្រជាពលរដ្ឋ​ជា​អ្នកទទួលផល​ប្រមាណ២.៧លាន​នាក់។

ជាការ​ឆ្លើយតប​លោកស្រី វិច​តូ​រី​យ៉ា ខ្វា​ខ្វា ក៏បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ-១៩ ពិសេស​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ដែល​អាច​ចងក្រង​ទុកជា​ឯកសារ និង​ចែករំលែក​ជា​បទពិសោធ​ន៍ ជូនទៅ​បណ្តា​ប្រទេស​នានា។

លោកស្រី​បន្ថែមថា “ឆ្លើយតប​ទៅនឹង​សំណើ​ខាងលើ ធនាគារពិភពលោក នឹង​ធ្វើការ​ជិតស្និទ្ធ ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រក​ចម្លើយ​ដ៏​សមស្រប​ណាមួយ​សម្រាប់​កម្ពុជា ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​រឹងមាំ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here