ដោយៈ សាវុធ
ភ្នំពេញៈ ការដែលមានជម្រកមួយសម្រាប់ខ្លួនឯង គឺជាសេចក្ដីសុខម្យ៉ាងក្នុងឆាកជីវិតមនុស្ស ខណៈប្រជាជនខ្មែរជាច្រើន មានការលំបាកខ្លាំង ក្នុងការសន្សំប្រាក់ដើម្បីឲ្យគ្រប់ថ្លៃទិញផ្ទះ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលជួយអ្នកបាន៖
ទី១) តាមដានការចំណាយរបស់អ្នកជាប្រចាំ
អ្នកគួរតែកត់ត្រាទុកក្នុងទូរសព្ទ ឬកូនសៀវភៅណាមួយនូវរាល់ការចំណាយ បន្ទាប់មកបូកសរុបម្ដងនៅចុងខែ ឬមួយឆមាស ដើម្បីដឹងពីចំនួនសរុប និងភាពខុសគ្នាពីការចាយវាយរបស់អ្នកពីមួយខែទៅមួយខែ។
ទី២) បង្កើតគម្រោងថវិកា
នៅពេលដែលអ្នកដឹងពីចំណូល ចំណាយហើយ អ្នកគួរតែបង្កើតគម្រោងថវិកាដើម្បីកំណត់ការចំណាយ ព្រោះថាវាអាចជួយអ្នកកាត់បន្ថយការចាយវាយ ដែលមិនចាំបាច់ ហើយសល់ប្រាក់ ដើម្បីដាក់ចូលក្នុងគណនីសន្សំសម្រាប់ទិញផ្ទះវិញ។
ទី៣) បង្កើតគណនីសន្សំដាច់ដោយឡែក
ជាទូទៅអ្នកតែងមានគណនីផ្ទាល់ខ្លួន សម្រាប់ការសន្សំនិងការចាយវាយ អាស្រ័យហេតុនេះ អ្នកគួរពិចារណាបើកគណនីដោយឡែក និងកុំឲ្យមានការប៉ះពាល់រហូតដល់អ្នកសន្សំគ្រប់ថ្លៃទិញផ្ទះ។
ទី៤) រកប្រាក់បន្ថែម
ពេលខ្លះប្រាក់ខែគោល អាចនឹងមិនគ្រប់សម្រាប់ថ្លៃសន្សំនោះទេ។ ម្យ៉ាងវិញទៀតវាមានរយៈពេលយូរ។ ដូចនេះ អ្នកគិតគូររកចំណូលខាងក្រៅតាមសមត្ថភាព ដូចជារកស៊ីតាមអនឡាញ បង្រៀនក្រៅម៉ោង ឬលក់សេវានានាតាមតម្រូវការ ដែលមានក្នុងទីផ្សារកម្ពុជា៕