ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ ២០២៦ ក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. តាមដាន និង វាយតម្លៃសមិទ្ធកម្ម និង លទ្ធផលនៃការអនុវត្តថវិកាប្រចាំឆមាសទី១ ដែលអង្គភាពថវិកានៃ កសហវ. សម្រេចបាន, និងសមិទ្ធកម្មជារួមរបស់ក្រសួង។២. កំណត់បញ្ហាប្រឈម និងស្នើដំណោះស្រាយ ដើម្បីជំរុញការអនុវត្តបន្តនៅឆមាសទី២ ឱ្យកាន់តែមានប្រសិទ្ធភាព។ ៣. បំពេញតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងថវិកាកម្មវិធី និង ថវិកាសមិទ្ធកម្មជាធរមាន ។
គោលដៅនៃការត្រួតពិនិត្យ ការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៦ របស់កសហវ. គឺបន្តពង្រឹងការអនុវត្តថវិកាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញអង្គភាពថវិកា ឱ្យសម្រេចគោលដៅសមិទ្ធកម្មដែលបានព្រមព្រៀង និងរួមចំណែកផ្ដល់បទពិសោធន៍ជូនកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពាក់ព័ន្ធនឹងការអនុវត្តថវិកាសមិទ្ធកម្ម ។
អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្តថវិកាក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់ កសហវ. ដោយបានពិនិត្យឃើញថា អង្គភាពថវិកាទាំងអស់ កាន់តែមានការទទួលខុសត្រូវខ្ពស់ ចំពោះសមិទ្ធកម្ម និងមានគណនេយ្យភាព ចំពោះឥណទានថវិការៀងៗខ្លួន ដោយទទួលបានលទ្ធផលល្អ ទាំងលើទិដ្ឋភាពសមិទ្ធកម្ម និង ទិដ្ឋភាពហិរញ្ញវត្ថុ, និងសម្រេចបានភាពជាម្ចាស់ របស់អង្គភាពថវិកាផ្ទាល់ ដោយមានការតម្រង់ទិស ពីថ្នាក់ដឹកនាំក្រសួងដែលជាប្រធានកម្មវិធី និង ថ្នាក់ដឹកនាំជួយសម្របសម្រួល និងគាំទ្រប្រធានកម្មវិធីទាំង ៥ ផងដែរ៕








