ដោយៈ និស្ស័យ
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងបន្តចុះវាយតម្លៃគុណវុឌ្ឍិ និងការអនុវត្តការងារពិសោធន៍បឋមនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។
ប្រតិភូរបស់ក្រសួងដឹកនាំដោយលោកនូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុមការងារចុះវាយតម្លៃគុណវុឌ្ឍិ និងការអនុវត្តការងារពិសោធន៍បឋមរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប អមដំណើរដោយ លោកហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តមទីប្រឹក្សាក្រសួង ប្រធានមន្ទីរពិសោធន៍សំណង់ និងសាធារណការ និងក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកទេស ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ការចុះពិនិត្យនេះ មានគោលបំណងបន្តពង្រឹង យន្តការផ្នែកបច្ចេកទេស ពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិ និងនីតិវិធីនៃការអនុវត្តការងារពិសោធន៍បឋមរបស់មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប ដើម្បីធានាការអនុវត្តការងារទាំងអស់ស្របតាមបទដ្ឋាន និងនីតិវិធីបច្ចេកទេសដែលបានកំណត់ និងពង្រឹងភាពជឿជាក់នៃលទ្ធផលពិសោធន៍។
លទ្ធផលនៃការងារពិសោធន៍នេះ មានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការសិក្សា ឌីហ្សាញ សាងសង់ ត្រួតពិនិត្យគុណភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេសកម្ពុជា។
ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារបច្ចេកទេសបានផ្តោតជាសំខាន់លើចំណុចគន្លឹះចំនួន៤ រួមមាន៖ ១)ការពិនិត្យឧបករណ៍ពិសោធន៍ ដើម្បីធានាភាពត្រឹមត្រូវ និងសមស្របតាមតម្រូវការបច្ចេកទេស ២)ការអនុវត្តការងារពិសោធន៍ ដោយយកចិត្តទុកដាក់លើការរៀបចំសំណាកដី និងនីតិវិធីពិសោធន៍ ៣)ការកត់ត្រាទិន្នន័យឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចតាមដានបាន ព្រមទាំងការគណនា និង៤)វិភាគទិន្នន័យពិសោធន៍ឱ្យស្របតាមនីតិវិធី និងបទដ្ឋានបច្ចេកទេស។
ការចុះពិនិត្យ និងវាយតម្លៃនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបន្តពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងខេត្តទាំងអស់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសរស្តម្ភដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចជាតិ៕









