ដោយៈ ចំណាន
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្តកាលពីខែសីហា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន៣៧គម្រោង ក្នុង ទំហំទុនវិនិយោគសរុប ប្រមាណ២៣៣លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ២៣ពាន់កន្លែង។
ស្ថាប័នខាងលើនេះ បានបង្ហាញទិន្នន័យទៀតថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ១៩៨លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋបានប្រមាណ១៧ពាន់កន្លែង។
ដោយឡែក គម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋ បានប្រមាណ៦ពាន់កន្លែង។
ជាការកត់សម្គាល់ ការវិនិយោគ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគ ដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យ ឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។
និន្នាការនេះបង្ហាញថា “បរិយាកាសវិនិយោគ នៅកម្ពុជានៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន និងមានភាពធន់ខ្ពស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ វិនិយោគិនលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់សកម្មភាពធុរកិច្ច និងវិនិយោគ”៕









