ដោយៈ ចំណាន
ភ្នំពេញៈ លោករដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីKrysta Harden ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមប្រឹក្សា នាំចេញផលិតផលផលិតពីទឹកដោះគោសហរដ្ឋអាម៉េរិក។
ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សាការងារអំពីសក្តានុពលទីផ្សារ និងឱកាសវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ជាពិសេសក្នុងផ្នែកអាហារូបត្ថម្ភ។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក មកលើទីផ្សារកម្ពុជា ដែលនឹងផ្តល់ជម្រើសផលិតផលមានគុណភាព ជាច្រើនថែមទៀតជូនដល់អ្នកប្រើប្រាស់កម្ពុជា។ ក្នុងន័យនេះ លោកបានជម្រាបជូនគណៈប្រតិភូអំពីលក្ខខណ្ឌ និងនីតិវិធីចាំបាច់សម្រាប់ការនាំចូល ផលិតផលមកកាន់កម្ពុជា ព្រមទាំងបានរំលេចអំពីឱកាសទីផ្សារ កិច្ចសម្រួលពាណិជ្ជកម្ម និងជាពិសេសការលើកទឹកចិត្ត ផ្នែកវិនិយោគរបស់កម្ពុជាប្រកបដោយបរិយាបន្ន និងគ្មានការរើសអើង។
ជាកិច្ចឆ្លើយតប លោកស្រី Krysta Harden បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មាន និងការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធានានូវបរិយាកាសធុរកិច្ច ប្រកបដោយភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពសម្រាប់គ្រប់ក្រុមហ៊ុន ដែលជាការលើកទឹកចិត្តដ៏មុតមាំសម្រាប់វិនិយោគិនអាមេរិក ក្នុងការពិចារណាមកបណ្តាក់ទុននៅកម្ពុជា។
ក្នុងន័យនេះ លោកស្រី បានគូសបញ្ជាក់ថា USDEC នឹងបន្តសិក្សាពីសក្តានុពលទីផ្សារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ទៅកាន់ក្រុមហ៊ុនជាសមាជិកទាំង១៣៤ របស់ខ្លួន ដើម្បីជំរុញឱ្យក្រុមហ៊ុនអាមេរិកកាន់តែច្រើន ស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈបេសកកម្មធុរកិច្ចមកកាន់កម្ពុជានាពេលខាងមុខ៕








