ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល និងវិក្រឹតការស្ដីពី “គណនេយ្យសាធារណៈ” ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខធិការ អនុរដ្ឋលេខធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាមគោលដៅ សរុបប្រមាណ១១៥នាក់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធីថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលដៅគឺគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្ម លើការអនុវត្តថវិកា សំដៅធានា តម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ឱ្យចំគោលដៅ និងទាន់ពេល។
ការណ៍នេះ ពុំមែនមានន័យថា សមិទ្ធផលដែលយើងបានសម្រេចក្នុងពេលកន្លងមក ត្រូវបិទបញ្ចប់នូវការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនោះទេ ក៏ប៉ុន្តែទន្ទឹមនឹងការបន្តឈានទៅសម្រេច “គណនេយ្យភាពសមិទ្ធកម្ម” យើងចាំបាច់ត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរ និង ប្រគល់ទៅឱ្យអង្គភាពថវិកានៃក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ក្នុងបរិការណ៍ដែលកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាប្រឈម ទាំងក្នុង និងក្រៅប្រទេស ជាពិសេសការឈ្លានពានពីប្រទេសជិតខាង ដែលពោរពេញដោយមហិច្ឆតា និងមានកម្លាំងសេដ្ឋកិច្ចខ្លាំងជាង។ កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែលឿន និងទូលំទូលាយថែមទៀត សំដៅប្រែក្លាយកម្ពុជា ពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
លោកបន្តថា “ដើម្បីសម្រេចគោលដៅនេះ ប្រជាលពលរដ្ឋម្នាក់ៗ ជាពិសេស មន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណ: ដែលជាសិក្ខាកាមគោលដៅនៃវគ្គសិក្សានេះ ចាំបាច់ត្រូវមានស្មារតីរួម ប្រកបដោយមនសិការជាតិ តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាប្រចាំ”។ លោកបន្តថា ទន្ទឹមនេះ សិក្ខាកាមម្នាក់ៗ ត្រូវបន្តរួមគ្នាអនុវត្តការងារ ក្នុងស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍ជាតិ ដោយផ្ដើមចេញពីការបំពេញភារកិច្ច ឱ្យបានល្អប្រសើរ ស្របតាមមុខងារ និង ភារកិច្ចរៀងៗខ្លួន សំដៅកសាងនូវខឿនការពារជាតិរឹងមាំ ក្នុងនាមជាពលរដ្ឋដែលត្រូវជាម្ចាស់ លើជោគវាសនាប្រទេសជាតិ។
ក្នុងបំណងជំរុញលើកទឹកចិត្ត ដល់សិក្ខាកាមគោលដៅ ឱ្យខិតខំយកចិត្តរៀនសូត្រ បង្កើនចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈ សំដៅរួមចំណែកធានាប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ថែរក្សាសមិទ្ធផល ដែលសម្រេចបានពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល, សិក្ខាកាមជ័យលាភីលេខ១, លេខ២ និង លេខ៣ នៃកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលជាមន្រ្តីវ័យក្មេង មានឆន្ទៈកែទម្រង់ខ្ពស់ មានលក្ខណសម្បត្តិគ្រប់គ្រាន់ និង មានសក្ដានុពលលូតលាស់សម្រាប់ការអភិវឌ្ឍសមត្ថភាព នឹងត្រូវទទួលបានការផ្ដល់អាហារូបករណ៍ សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីនៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យា័យដៃគូជាតិ-អន្តរជាតិ៕








