រដ្ឋាភិបាល​អនុម័តគម្រោងវិនិយោគ​ចំនួន៧​ជាមួយ​ទុន​៣៥០លាន​ដុល្លារ​អាមេរិក​

ដោយៈ និស្ស័យ

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំច្រកចេញ- ចូលតែមួយ” លើកទី៨ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៧គម្រោង ជាមួយទុនវិនិយោគចំនួន៣៥០លានដុល្លារអាមេរិក។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ១.៨០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យដូចជា ទី១ វិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ការចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិតនានា សម្រា​ប់បម្រើការវេចខ្ចប់ទំនិញ។

ទី២ វិស័យឧស្សាហកម្មចំនួន ៣គម្រោង រួមមាន៖. គម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ។ គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ។

ទី៣ វិស័យទេសចរណ៍ចំនួន១គម្រោង៖ គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន១៥០បន្ទប់។ ទី៤ វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង រួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។

គម្រោងវិនិយោគទាំង៧ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងស្ទឹងត្រែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here