ដោយៈ ចំណាន
កំពតៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ ក.អ.ក. អញ្ជើញចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកបន្ទាយមាស ខេត្តកំពត។
ដំណើរទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តទៅ ក្រោមបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈគ្រប់ជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ក្រោមកិច្ចដឹកនាំដោយផ្ទាល់ពី អ្នកឧកញ៉ាលាង ពៅ អគ្គនាយកក្រុមហ៊ុន។
រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ គឺជាបុត្រសម្ព័ន្ធដ៏រឹងមាំមួយរបស់សម្ព័ន្ធ ជីប ម៉ុង (Chip Mong Group) ដែលជាសមាសភាពធុរកិច្ចដ៏មានឥទ្ធិពល មានវត្តមាននិងបានកសាងទំនុកចិត្តយ៉ាងរឹងមាំនៅលើទីផ្សារកម្ពុជា អស់រយៈពេលជាង២ទសវត្សរ៍មកហើយ។ រោងចក្រមួយនេះ ត្រូវបានទទួលស្គាល់ថាជាមូលដ្ឋានផលិតកម្មស៊ីម៉ងត៍ដ៏ធំ និងទំនើបមួយនៅកម្ពុជា ដែលបាននិងកំពុងចូលរួម បម្រើវិស័យវិស្វកម្មសំណង់យ៉ាងសកម្ម។
តាមរយៈសមត្ថភាពផលិតកម្មដ៏ធំធេង និងប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ រោងចក្រកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរួមចំណែកយ៉ាងធំធេង ក្នុងការរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានអញ្ជើញពិនិត្យដោយផ្ទាល់នូវខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលឆ្លើយតបទៅនឹងបទដ្ឋានបរិស្ថានបៃតង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើផងដែរចំពោះក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងផលប៉ះពាល់ និងការគិតគូរដល់ចីរភាពបរិស្ថានជុំវិញ។
មានប្រសាសន៍ក្នុងកិច្ចសំណេះសំណាល លោកស៊ុន ចាន់ថុល បានលើកឡើងពីសារសំខាន់របស់វិស័យឯកជន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមិនអាចខ្វះបាន ជាពិសេសការបង្កើតនូវឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកខ្ពស់ ក្នុងនាមជាអ្នកសម្របសម្រួល តាមរយៈយន្តការនានាដែលបានដាក់ចេញ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគ កាន់តែមានភាពរស់រវើក ដែលមិនត្រឹមតែជាការទាក់ទាញ ទុនវិនិយោគថ្មីបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគាំទ្រការវិនិយោគដែលមានស្រាប់ សំដៅធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចបន្តរីកចម្រើន និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមផងដែរ៕








