ដោយៈ និស្ស័យ
ភ្នំពេញៈ លោក ឡេ សុវណ្ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការសាធារណៈ ស្ដីពី “សុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក”។
យុទ្ធនាការសាធារណៈនេះ មានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកណ្ដាល លោកអភិបាលរងនៃគណៈអភិបាលស្រុកស្អាង លោកអភិបាលរងនៃគណៈអភិបាលស្រុកកោះធំ តំណាងអង្គការសុខភាពពិភពលោក (WHO) នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា អាជ្ញាធរមូលដ្ឋានស្រុក ម្ចាស់កំពង់ចម្លងចំនួន ១៨ ក្នុងភូមិសាស្រ្ដស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៥០នាក់។
យុទ្ធនាការត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា ដោយទទួលបានការគាំទ្រ ពីអង្គការសុខភាពពិភពលោក និងការសម្របសម្រួលថ្នាក់មូលដ្ឋានពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកណ្ដាល ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព នៃការធ្វើដំណើរតាមផ្លូវទឹក ក៏ដូចជាបង្កើនការយល់ដឹង ជាសាធារណៈអំពីហានិភ័យ និងវិធានការបង្ការគ្រោះថ្នាក់បណ្ដាលមកពីការលង់ទឹក ជូនដល់ម្ចាស់នាវា ម្ចាស់កំពង់ចម្លង និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹកជាប្រចាំ៕








