ដោយៈ និស្ស័យ
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាអំពីការអភិវឌ្ឍវិស័យកសិកម្ម នៅសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច។
សហគមន៍នេះ មានទីតាំងនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រមទាំងចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ ដែលរៀបចំដោយ អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍ និងប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើប ព្រមទាំងស្វែងយល់ពីសក្តានុពលនៃការដាំ និងការប្រមូលទិញ និងការធ្វើទីផ្សារផលិតផលកសិកម្មក្នុងស្រុក។
ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហការជាមួយសហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្ម ការបង្កើនការវិនិយោគ ការកែច្នៃផលិតផលកសិកម្ម និងការពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ៕









