ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី VCONF ២០២៦ ជាសន្និសីទអន្តរជាតិតាមប្រព័ន្ធអនឡាញ រៀបចំដោយ គម្រោងមហាវិទ្យាល័យHarvard សម្រាប់ទំនាក់ទំនងអាស៊ី និងអន្តរជាតិ (HPAIR) ដែលជាវេទិកាដឹកនាំដោយនិស្សិតនៅ Harvard College នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
ក្នុងកម្មវិធីនេះ លោកជំទាវទេសាភិបាល បានចែករំលែកបទពិសោធ និងទស្សនាទានពាក់ព័ន្ធ នឹងការងារធនាគារកណ្តាល ដោយផ្តោតលើបរិយាបន្នហិរញ្ញវត្ថុ ការអប់រំហិរញ្ញវត្ថុ ស្ថិរភាពហិរញ្ញវត្ថុ និងនវានុវត្តន៍ឌីជីថល។
ជាមួយគ្នានេះ លោកជំទាវបានរំលេចពីតួនាទី នៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ក្នុងការពង្រីកលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ប្រាក់រៀល ព្រមទាំងសារៈសំខាន់នៃក្របខណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយស្ថិរភាព។
ជាសារសំខាន់សម្រាប់យុវជន លោកជំទាវជា សិរី បានលើកឡើងថា ភាពជាអ្នកដឹកនាំតម្រូវឱ្យមានភាពក្លាហាន ក្នុងការសម្រេចចិត្ត និងបន្តរៀនសូត្រជាប្រចាំ ដើម្បីកែលម្អប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ លោកជំទាវក៏បានលើកទឹកចិត្ត ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួន និងតស៊ូឆ្ពោះទៅរកគោលដៅ ទោះបីជួបប្រទះឧបសគ្គក៏ដោយ៕








