ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦។
វេទិកានេះមានវត្តមានអញ្ជើញចូលរួម ពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាស ក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម និងភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូម៉ាឡេស៊ី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងដៃគូទាំងអស់ ដែលបានផ្តួចផ្តើម និងសហការក្នុងការរៀបចំវេទិកាពាណិជ្ជកម្មនិងជំនួបផ្គូរផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង ដែលនឹងបន្តចូលរួមចំណែកក្នុងការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ដោយក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ១,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត២៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន៨៦៥ លានដុល្លារអាម៉េរិក ពោលគឺសម្រេចបាននិងកើនលើស១ពាន់លានដុល្លារអាម៉េរិក ដូចដែល ភាគីទាំងពីរបានប្តេជ្ញាក្នុងពេលកន្លងមក។
លោកជំទាវរដ្ឋមន្ត្រី បានបន្តថា កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះ បានឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នា រវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងបានអំពាវនាវឱ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើសពីការបង្កើនទំហំពាណិជ្ជកម្ម ដោយផ្តោតលើ ការវិនិយោគ ការចាប់ដៃគូអាជីវកម្ម កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើនការចូលរួមឱ្យកាន់តែច្រើនរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម នៃប្រទេសទាំងពីរ។
ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីស្វែងរកឱកាសថ្មីៗនៅកម្ពុជា ក្នុងវិស័យដូចជា ទំនិញប្រើប្រាស់ទូទៅ កសិផលកែច្នៃ សុខាភិបាល ថាមពលបៃតង សេវាឌីជីថល ភស្តុភារកម្ម និងវិស័យហាឡាល ជាដើម ព្រមទាំងជំរុញការពង្រឹងកិច្ចសហការរវាងវិស័យឯកជន តាមរយៈការរៀបចំជាប្រចាំនូវវេទិកាផ្គូផ្គងធុរកិច្ច ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្តល់ព័ត៌មានទីផ្សារ និងការសម្របសម្រួលការវិនិយោគ ជាដើម។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសធុរកិច្ច ដែលមានភាពបើកចំហ អាចព្យាករណ៍បាន មានតម្លាភាព និងផ្អែកលើគោលការណ៍នីតិរដ្ឋ តាមរយៈការសម្រួល និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការបន្តសម្របសម្រួល លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដោយបន្តផ្តោតសំខាន់លើកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មើភាព។
ជាពិសេស លោកជំទាវរដ្ឋមន្ត្រីបានលើកឡើង ពីសក្តានុពលនៃការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហាឡាល បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការ យុទ្ធនាការទូទាំងប្រទេស កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជំរុញ និងបង្កើនការចុះបញ្ជីផលិតផលហាឡាល ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀត៕








