ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការងារជនបង្គោល សម្រាប់ការប្រមូលកម្រៃសេវាសាធារណៈ តាមរយៈសេវាឌីជីថលរបស់ធនាគារចំនួនពីរ ដែលបានបញ្ចប់ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) របស់ក.អ.ក។
កិច្ចប្រជុំនេះដឹកនាំដោយលោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការងារជាជនបង្គោល សម្របសម្រួលដល់ការចាប់ផ្តើម ប្រមូលកម្រៃសេវាសាធារណៈ តាមរយៈសេវាធនាគារឌីជីថលរបស់ធនាគារពីរ ដែលបានបញ្ចប់ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP) របស់ក.អ.ក. ដោយបានប្រព្រឹត្តទៅជាពីរលើក ក្នុងនោះរួមមាន លើកទី១ ប្រព្រឹត្តទៅនៅវេលាម៉ោង ៩:០០នាទីព្រឹក ជាមួយគណៈប្រតិភូ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដឹកនាំដោយលោក នូ សុធារ៉ា នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុអាជីវកម្ម និងលើកទី២ ប្រព្រឹត្តទៅនៅវេលាម៉ោង ២:០០នាទីរសៀល ជាមួយគណៈប្រតិភូ ធនាគារវីង (Wing) ដឹកនាំដោយលោក សេង ពិសិដ្ឋ ប្រធាននាយកដ្ឋានបំលែងសេវាធនាគារបុគ្គល។
កិច្ចប្រជុំទាំងពីរលើកនេះ មានការចូលរួមពី តំណាងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) តំណាងនាយកដ្ឋានហិរញ្ញវត្ថុ (ន.ហ.វ.) និងនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ (ប.ឌ.ផ.) ព្រមទាំងតំណាង ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី (ACLEDA Plc.)ផងដែរ។
ក្នុងកិច្ចប្រជុំទាំងពីរលើកនេះ លោកអគ្គលេខាធិការរង ប្រធានអង្គប្រជុំ បានរំលឹកដោយក្តីរីករាយអំពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ដែលបានចាប់ផ្តើមជំហានទីមួយ នៅក្នុងកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ កិច្ចសហការយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក បានកសាងនូវកម្លាំងសាមគ្គីភាព និងការយល់ដឹងពីគ្នាយ៉ាងស៊ីជម្រៅរវាងក្រុមការងារភាគីទាំងពីរ ដែលជាកាតាលីករយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចការងារឱ្យកាន់តែមានល្បឿន និងប្រសិទ្ធភាព រហូតឈានដល់ការប្រកាស សមាសភាពក្រុមការងារជនបង្គោល សម្រាប់ ការប្រមូលសេវាសាធារណៈនៅថ្ងៃនេះ ដែលជាផ្លែផ្កាដ៏ត្រចះត្រចង់ និងជាជំហានវឌ្ឍនភាពថ្មីមួយទៀត ក្នុងគោលដៅលើកកម្ពស់គុណភាព នៃការផ្តល់សេវាថែទាំ និងគាំទ្រជូនវិនិយោគិនឱ្យកាន់តែមានភាពទាក់ទាញ និងប្រសិទ្ធភាពខ្ពស់។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ពិសេសភាគីធនាគារ បច្ចុប្បន្នប្រព័ន្ធធនាគារឌីជីថលរបស់ធនាគារដៃគូ បានអភិវឌ្ឍតភ្ជាប់សម្រាប់ការធ្វើអន្តរប្រតិបត្តិការជាមួយ ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ក.អ.ក. ដោយជោគជ័យ និងទទួលបានគោលការណ៍ឱ្យចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក.ផងដែរ។
ក.អ.ក. បានដាក់ចេញឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)ជាប្រព័ន្ធស្នូលសម្រាប់ការដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីពន្លឿននីតិវិធី ធានាតម្លាភាព និងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាមានភាពរស់រវើក និងកាន់តែប្រសើរឡើង។ ប្រព័ន្ធ cdcIPM នេះ តភ្ជាប់ទៅ ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដែលផ្ដល់លទ្ធភាព កាន់តែប្រសើរជូនវិនិយោគិន ក្នុងការទូទាត់កម្រៃសេវាជាទម្រង់ឌីជីថល សម្បូរបែប លឿនរហ័ស ជាអាទិ៍ ការទូទាត់តាមរយៈ ឃ្យូ.អ.កូដកម្មវិធីធនាគារចល័ត និងការទូទាត់ប្រាក់អន្តរជាតិ ដូចជា Visa/MasterCard ព្រមទាំងអាចតាមដានស្ថានភាព នៃការពាក្យស្នើសុំកាន់តែងាយស្រួលផងដែរ៕








