ដោយៈ ចំណាន
ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដើម្បីស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសម្ព័ន្ធ ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក តាំង សាំងហេង ប្រធានសមាគម និង លោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់របស់រោងចក្រផលិតរថយន្ត GAZ Group ប្រចាំតំបន់អាស៊ី ដើម្បីចូលជួបសម្តែងការគួរសម និង ស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា ។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូ សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះសមាគម ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម និង ការទូត រវាងកម្ពុជា និង រុស្ស៊ី។
លោកបញ្ជាក់ថា “វត្តមានរបស់យីហោរថយន្តដ៏មានកេរ្តិ៍ឈ្មោះ និង ចំណាស់របស់រុស្ស៊ីនៅកម្ពុជា គឺជាការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ល្អផូរផង់ រវាងប្រជាជាតិយើងទាំងពីរ ដែលរុស្ស៊ីធ្លាប់ជាតួអង្គដ៏សំខាន់ក្នុងការស្តារប្រទេសកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ៨០”។
បណ្ឌិតសភាចារ្យបន្ថែមថា វិស័យយានយន្ត គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ និង ផ្តល់ការលើកទឹកចិត្តយ៉ាងទូលំទូលាយ ។
លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាល ទើបតែបានបញ្ចប់ការវាយតម្លៃ លើគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងកំពុងរៀបចំគោលនយោបាយថ្មី សម្រាប់ឆ្នាំ២០២៦-២០៣៥ ដែលក្នុងនោះ ការលើកទឹកចិត្តដល់គម្រោងវិនិយោគដំឡើងយានយន្ត ត្រូវបានកែលម្អកាន់តែប្រសើរ មុតស្រួច និង មានភាពប្រកួតប្រជែងខ្ពស់ ។
ក្នុងឱកាសនោះ លោកតាំង សាំងហេង និង លោក Sergey Kuryshev បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិតសភាចារ្យ និង បានជម្រាបជូនអំពីសក្តានុពលដ៏រឹងមាំរបស់ GAZ Group ដែលជារោងចក្រផលិតរថយន្តដ៏ធំបំផុតមួយ ប្រចាំសហព័ន្ធរុស្ស៊ី ។
ជាមួយនឹងបទពិសោធន៍ជាង៩០ឆ្នាំ ក្រុមហ៊ុនបាននិងកំពុងនាំចេញរថយន្តទៅកាន់ទីផ្សារ៤៣ ប្រទេសជុំវិញពិភពលោក និង ទទួលបានជោគជ័យ ក្នុងការបង្កើតរោងចក្រដំឡើងរថយន្ត នៅប្រទេសវៀតណាម ។
ដោយមើលឃើញអំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរ លោក Sergey Kuryshev បានគូសបញ្ជាក់ថា ក្រុមហ៊ុនកំពុងសម្លឹងមើលឱកាសពង្រីកទីផ្សារ និងការវិនិយោគមកកាន់ប្រទេសកម្ពុជា ។ ជាក់ស្តែង ក្នុងឱកាសនៃជំនួបនេះ ក្រុមហ៊ុនបាននាំយករថយន្តម៉ាក GAZ ចំនួនពីរម៉ូដែល គឺម៉ូដែល GAZELLE CITY និង GAZELLE NEXT CITILINE មកតាំងបង្ហាញផ្ទាល់នៅទីស្តីការក្រសួង ដើម្បីបង្ហាញអំពីនវានុវត្តន៍ និងគុណភាពស្តង់ដាខ្ពស់ នៃរថយន្តដែលផលិតដោយ GAZ Group ។
លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមក្នុងការកៀរគរវិនិយោគិនរុស្ស៊ី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្ស៊ី ។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ចំណាប់អារម្មណ៍របស់យីហោរថយន្ត ដ៏ល្បីល្បាញរបស់រុស្ស៊ីនាពេលនេះ គឺស្របពេលដែលឧស្សាហកម្មយានយន្តនៅកម្ពុជា កំពុងមានភាពរស់រវើក ដោយបច្ចុប្បន្នមានរោងចក្រផ្គុំ និង ដំឡើងរថយន្ត រហូតដល់១៣គម្រោង កំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់នូវការសម្របសម្រួលប្រកបដោយតម្លាភាព រហ័ស និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចដ៏កក់ក្តៅ ដល់គ្រប់អ្នកវិនិយោគ ។
លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន GAZ Group ក្នុងការសិក្សាសមិទ្ធលទ្ធភាព ដើម្បីឈានទៅបង្កើតរោងចក្រដំឡើងរថយន្ត ឬផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញការផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារជំនាញបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា៕








