មន្រ្តី​រដ្ឋបាល​នៃ​បណ្តាស្រុក​ចំនួន១១៥​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​កម្មវិធី​មួយ​របស់​ក្រសួងសេដ្ឋកិច្ច​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចបន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹង ស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងស្ដីពី ការប្រើប្រា​ស់មុខងារស្នូលFMIS និង FMIS Portalជំនាន់ថ្មីជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្ដីពីការប្រើប្រាស់មុខងារស្នូល FMIS និងFMIS Portal ជំនាន់ថ្មី ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបន្តដាក់ឱ្យប្រើប្រាស់មុខងារស្នូលFMIS និង FMIS Portal ជំនាន់ថ្មី ទៅកាន់រដ្ឋបាលស្រុកដែលនៅសេសសល់ទាំងអស់ នាពេលនេះ គឺ ស្របទៅតាម “ផែនការពង្រីកការអនុវត្តគម្រោងFMIS ជំហា​នទី៤ ឆ្នាំ២០២៦-២០៣០” ដើម្បីជួយដល់ថ្នាក់មូលដ្ឋាន ជាពិសេសនៅថ្នាក់ស្រុក ក្នុងការពង្រឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងរដ្ឋបាលបានកាន់តែប្រសើរ ពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍនានា ដោយមិនមានការរាំងស្ទះដោយសារបញ្ហាថវិកា។

ចំណែកឯការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ហើយវិន័យនៃការអនុវត្តថវិកា ក៏កាន់តែត្រូវបានពង្រឹង និង ជាចុងក្រោយ គឺទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការប្រើប្រាស់មុខងារស្នូល FMIS រួមជាមួយ FMIS Portal ជំនាន់ថ្មី នឹងរួមចំណែកដល់ការបង្កើនភាពជាម្ចាស់នៃប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព វិន័យថវិកា និង ការធ្វើឌីជីថលូបនីយកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ។

លោកបណ្ឌិតសភាចារ្យ បន្តទៀតថា ការងារនេះ នឹងជំរុញដល់ការអនុវត្តថវិការបស់រដ្ឋបាលស្រុក បានទាន់ពេល ដោយអនុវត្តតាមនីតិវិធីចំណាយថវិកាចរន្តតាមFMIS ទាំងស្រុង ដែលជារំហូរនីតិវិធីអនុវត្តប្រតិបត្តិការក្នុងFMIS ជាផ្លូវការ ក្នុងការស្នើសុំឬទូទាត់ចំណាយ ដោយពុំមានការបញ្ជូនឯកសារ នៅខាងក្រៅទៅគ្រប់ដំណាក់កាល រួមទាំងដំណាក់កាលអភិបាលថវិកា និងដំណាក់កាលគណនេយ្យករសាធារណៈ ហើយការប្រើប្រាស់ឯកសារជាក្រដាស ត្រូវបានលុបបំបាត់ ដោយជំនួសមកវិញ នូវប្រតិបត្តិការ ឬព័ត៌មានទាញចេញពីFMIS ទាំងស្រុង ដែលល្បឿនប្រតិបត្តិការមានរយៈពេលជាមធ្យម សម្រាប់ការទូទាត់ចំណាយថវិកាចរន្តតាមFMISទាំងស្រុង ដោយគិតចាប់ពីថ្ងៃស្នើសុំដល់ថ្ងៃទូទាត់ ប្រើប្រាស់ពេលប្រមាណត្រឹម៤ថ្ងៃតែប៉ុណ្ណោះ។

លទ្ធផលទាំងនេះ ក៏បានគាំទ្រដោយចំណាប់អារម្មណ៍ របស់តំណាង រដ្ឋបាលស្រុកខ្សាច់កណ្តាល ដែលបានបង្ហាញអំពីបទពិសោធន៍ និងអត្ថប្រយោជន៍ជាក់ស្ដែង ទទួលបានពីការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី និងចំណាប់អាម្មណ៍បន្ថែម របស់តំណាង ក្រសួងមហាផ្ទៃ ។

សមិទ្ធផលទាំងនេះ ជាសក្ខីយភាពមួយនៃការបោះជំហានទៅមុខជាលំដាប់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការធានាការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលស្រុក លើសេវាសង្គម សន្តិសុខ និងរដ្ឋបាលសាធារណៈ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយសម្រាប់នាំឱ្យសេដ្ឋកិច្ច និង សង្គមកម្ពុជា កាន់តែមានការរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here